ផ្សារទំនើប AEON Mean Chey បើកសម្ពោធទីធ្លារអាហារដ្ឋាន «ភូមិខ្មែរជោគជ័យ»
05-12-2025 14:23
(ភ្នំពេញ)៖ ផ្សារទំនើប អ៊ីអនម៉ល មានជ័យ ប្រកាសបើកសម្ពោធទីធ្លាអាហារដ្ឋាន សហគមន៍ថ្មីរបស់ខ្លួន មានឈ្មោះថា «ភូមិខ្មែរជោគជ័យ» ដែលមាន ទីតាំងនៅ Icon Plaza ជាន់ទី២ នៃផ្សារទំនើបអ៊ីអនម៉លមានជ័យ ដែលគ្របដណ្តប់លើផ្ទៃសរុប ១,៨៨២ម៉ែត្រការ៉េ និងអាចផ្ទុកចំនួនតុ និង កៅអី បានរហូតដល់ ៤២០នាក់។
ការបើកជាផ្លូវការ នៃអាហារដ្ឋានមួយនេះ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ចាប់បើក ពីម៉ោង ០៩៖០០ ព្រឹកដល់ម៉ោង ២០៖០០ យប់ ដែលជាការបើកដំណើរការ ដំណាក់កាលដំបូង នឹងមានផែនការពង្រីកនា ពេលអនាគតនៅដំណាក់កាល ក្រោយៗទៀត។
អាហារដ្ឋានមួយនេះ ត្រូវបានរចនាឡើងដើម្បីទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិចូលមកទស្សនា និងផ្តល់នូវបទពិសោធន៍រស់រវើក និងមានភាពទាក់ទាញ រួមចំណែកនូវការលើកកំពស់រចនាបទ និងវប្បធម៌ខ្មែរ។
ម្យ៉ាងវិញទៀត នៅក្នុងអាហារដ្ឋាននេះផងដែរ ត្រូវបានបែងចែកទៅជាតំបន់ចំនួនប្រាំដែលមាន លក្ខណៈពិសេសខុសគ្នាៗ ដើម្បីបំពេញតម្រូវការនិងចំណាប់អារម្មណ៍ផ្សេងៗរបស់ភ្ញៀវ ដែលបានអញ្ជើញមកទស្សនា នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ។
តំបន់ទី១៖ តំបន់ក្មេងលេង៖ ជាកន្លែងឪពុក និងម្តាយ និងក្មេងៗ ចូលមកកំសាន្ត
តំបន់ទី២៖ តំបន់ជួបជុំទូទៅ៖ តំបន់នេះ គឺល្អ សម្រាប់ការជួបជុំធម្មតា ការសម្រាក និងសកម្មភាព សហគមន៍ ផ្សេងៗ
តំបន់ទី៣៖ កន្លែងធ្វើការ៖ បរិយាកាសផាសុខភាពសម្រាប់និស្សិត បុគ្គលិក និងអ្នកធ្វើការ
តំបន់ទី៤៖ តំបន់ពិភាក្សាការងារ និងឆាករៀបចំព្រឹត្តិការណ៍ផ្សេង ជាតំបន់ដែលអាចប្រើប្រាស់បាន ច្រើនយ៉ាងសម្រាប់ការភ្ជាប់ទំនាក់ទំនងព្រឹត្តិការណ៍ផ្ទាល់ និងការសម្តែងល្ខោនផ្សេងៗ
តំបន់ទី៥៖ តំបន់គូស្នេហ៍៖ ជាកន្លែងកក់ក្តៅដែលត្រូវបានរចនាឡើងសម្រាប់គូស្នេហ៍ ដើម្បីរីករាយនឹងពេលវេលាជាមួយគ្នាក្នុងបរិយាកាសដ៏ល្អប្រណិត។
បន្ថែមពីលើ ការផ្តល់ជាអាហារដ្ឋាន សហគមន៍ដ៏ទាក់ទាញ ផ្សារទំនើបអ៊ីអនម៉លមានជ័យ ប្តេជ្ញាគាំទ្រម្ចាស់ អាជីវកម្ម និងផលិតផលក្នុងស្រុកអោយកាន់តែច្រើន។ អាហារដ្ឋាននេះ នឹងមានហាងចំនួន ៧ និងតូបលក់អាហារចំនួន ១០តូប ដែលមានរចនាបទបែបខ្មែរ ផ្តល់ជូនកន្លែងដែលមានតម្លៃសមរម្យដល់ម្ចាស់ អាជីវករក្នុងស្រុក ដើម្បីបង្ហាញផលិតផលខ្មែរ ទៅកាន់ភ្ញៀវ ជាតិ និង អន្តរជាតិ។
ភ្ញៀវ អាច និងមាន ជម្រើសដ៏ធំទូលាយនៃការទទួលយកអាហារ និងផលិតផលខ្មែរពិតៗ ដូចជាវត្ថុអនុស្សាវរីយ៍ធ្វើដោយដៃ បង្អែមខ្មែរ សូត្រ និងក្រមា រូបចម្លាក់សំរិទ្ធ ទឹកឃ្មុំក្នុងស្រុក និង ផលិតផលក្នុងស្រុកជាច្រើនទៀត។
លោកស្រី នួន កនិដ្ឋា នាយកគ្រប់គ្រងទូទៅជាន់ខ្ពស់ ទទួលបន្ទុកផ្នែកអភិវឌ្ឍផ្សារទំនើប នៃ ក្រុមហ៊ុន អ៊ីអនម៉ល ខេមបូឌា ខូអិលធីឌី បានមានប្រសាសន៍ថា «ផ្សារទំនើបអ៊ីអនម៉លមានជ័យបន្តផ្តោតលើការ បង្កើនការតភ្ជាប់សហគមន៍ ខណៈពេលដែលផ្តោតទៅលើ ចក្ខុវិស័យ និងជំរុញ ការផលិតក្នុងស្រុក និងការ គាំទ្រ សហគ្រិនក្នុងស្រុក»។
«ទីធ្លាម្ហូបអាហារថ្មីនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ឱកាស ដល់ម្ចាស់អាជីវកម្ម ក្នុងស្រុក ទៅកាន់ឆាកអន្តរជាតិ និងបរិយាកាសសម្រាប់គ្រួសារ ដែលមនុស្សគ្រប់គ្នាអាចជួបជុំគ្នា ធ្វើការ និងរីករាយជាមួយគ្នា»៕













