សភា​អាមេរិក​ប្រកាស​ច្បាប់​រារាំង​ការ​លក់​បន្ទះឈីប AI កំពូលរបស់ Nvidia ទៅឱ្យ​ចិន​រយៈ​ពេល ៣០ ខែ

05-12-2025 14:49

(បរទេស)៖ ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកមកពីគណបក្សទាំងពីរ (សាធារណរដ្ឋ និងប្រជាធិបតេយ្យ) បានដាក់បង្ហាញសេចក្តីព្រាងច្បាប់មួយដែលមានឈ្មោះថា ច្បាប់ SAFE CHIPS ដើម្បីរារាំងរដ្ឋបាលរបស់លោកត្រាំ (Trump) មិនឱ្យបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដ៏មានឥទ្ធិពលបំផុតពីក្រុមហ៊ុន Nvidia និង AMD ទៅកាន់ប្រទេសចិន សម្រាប់រយៈពេល ៣០ខែ ពោលគឺ ២ ឆ្នាំកន្លះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។

ច្បាប់នេះតម្រូវឱ្យក្រសួងពាណិជ្ជកម្មអាមេរិក បដិសេធ រាល់ការស្នើសុំលក់បន្ទះឈីប AI ដែលមានលក្ខណៈទំនើបលើសពីការអនុញ្ញាតបច្ចុប្បន្ន ទៅកាន់ប្រទេស ចិន រុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង។ គោលដៅចម្បងនៃការរារាំងនេះ គឺដើម្បីធានា សន្តិសុខជាតិ ដោយសារតែការព្រួយបារម្ភថា បច្ចេកវិទ្យាដ៏មានតម្លៃដូចជាបន្ទះឈីប Nvidia H200 អាចត្រូវទីក្រុងប៉េកាំងយកទៅប្រើប្រាស់ដើម្បីពង្រឹងកម្លាំងយោធា និងសមត្ថភាពស៊ើបការណ៍សម្ងាត់របស់ខ្លួន។

លោក Pete Ricketts សមាជិកព្រឹទ្ធសភាសាធារណរដ្ឋ បានបញ្ជាក់យ៉ាងច្បាស់ពីតម្រូវការនេះថា៖ «ការបដិសេធមិនឱ្យទីក្រុងប៉េកាំងចូលប្រើប្រាស់បន្ទះឈីប AI (ដ៏ល្អបំផុតរបស់អាមេរិក) គឺជារឿងចាំបាច់សម្រាប់សន្តិសុខជាតិរបស់យើង»

គួរជម្រាបថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានគេមើលឃើញថាជាការខិតខំប្រឹងប្រែងដ៏កម្រមួយដែលទទួលបានការគាំទ្រពីសមាជិកបក្សរបស់លោកត្រាំផ្ទាល់ ដើម្បីទប់ស្កាត់ការបន្ធូរបន្ថយការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាទៅលើប្រទេសចិន។ អ្នកជំនាញបានអំពាវនាវឱ្យអនុម័តច្បាប់នេះជាបន្ទាន់ ដើម្បីការពារផលប្រយោជន៍បច្ចេកវិទ្យារបស់អាមេរិក៕