តារាតេន្នីស Potapova ចាកចោលរុស្ស៊ី ផ្លាស់ទៅលេងឱ្យជម្រើសជាតិអូទ្រីសវិញ

05-12-2025 14:51

(បរទេស)៖ កីឡាការិនី Tennis ស្រស់សោភា Anastasia Potapova បានសម្រេចចិត្តបោះបង់រុស្ស៊ី ទៅលេងតំណាងឱ្យអូទ្រីសវិញ បន្ទាប់ពីសំណើចូលសញ្ជាតិរបស់នាងត្រូវបានឯកភាពនាពេលថ្មីៗនេះ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា Potapova បានឈានដល់ចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងអាជីពវាយកូនបាល់ របស់នាងតាមរយៈឡើងឈរលេខ២១ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោក កាលពីខែមិថុនា ឆ្នាំ២០២៣ មក។

ស្ទើរតែគ្រប់ប្រភេទកីឡា ក៏ដូចជាអត្តពលិករុស្ស៊ី ត្រូវបានដាក់ទណ្ឌកម្មមិនឱ្យចូលរួមប្រកួតលើកឆាកអន្តរជាតិនានា ឡើយ គិតចាប់តាំងពីការឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក នៅពេលនាង Potapova ក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមពាន Billie Jean King Cup ទៀតផង។

កីឡាការិនីវ័យ ២៤ឆ្នាំដែលបានលេង ក្នុងនាមអត្តពលិករុស្ស៊ីចុងក្រោយក្នុងកម្មវិធីខាងលើកាលឆ្នាំ២០១៨ និងឆ្នាំ២០១៩ នឹងលេងឱ្យអូទ្រីសពេញសិទ្ធិតែម្តងចាប់ពីឆ្នាំក្រោយទៅ។

Potapova បានសរសេរបង្ហោះនៅលើបណ្តាញសង្គម Instagram របស់ខ្លួនថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ក្នុងការប្រាប់គ្រប់គ្នាឱ្យបានដឹង អំពីរដ្ឋាភិបាលអូទ្រីសបានទទួលសំណើសុំសញ្ជាតិរបស់ខ្ញុំរួចរាល់ហើយ។ អូទ្រីស គឺជាកន្លែងមួយដែលខ្ញុំស្រឡាញ់ ពោរពេញដោយភាពទាក់ទាញ ប្រៀបដូចនៅផ្ទះអីចឹង ពោលគឺផ្ទះទី២ របស់ខ្ញុំហើយ»

មិនត្រឹមតែ Potapova ដែលបានលាសញ្ជាតិរុស្ស៊ី សូម្បីតែ Natela Dzalamidze ដែលលេងវិញ្ញាសាវាយគូ ក៏បានផ្លាស់ប្តូរសញ្ជាតិរុស្ស៊ី ទៅហ្ស៊កហ្ស៊ី ដើម្បីមានកៅអីលេងពាន Wimbledon ដែរ នៅពេលរុស្ស៊ីបានជាប់បម្រាមតាំងពីឆ្នាំ២០២២ មក៕