ទោះ​មាន​ច្បាប់​រិះគន់​ក៏ដោយ AMD ហ៊ាន​បង់ពន្ធ​ ១៥% ដើម្បី​បានលក់បន្ទះ​ឈីប AI ដ៏​ទំនើប​នៅ​ទីផ្សារ​ចិន

05-12-2025 16:43

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីប Advanced Micro Devices (AMD) បានប្រកាសពីជំហរផ្លូវការរបស់ខ្លួនលើការដឹកជញ្ជូនបន្ទះឈីបបញ្ញាសិប្បនិមិត្ត (AI) ដ៏ខ្លាំងក្លារបស់ខ្លួនទៅកាន់ទីផ្សារចិន។ លោកស្រី Lisa Su នាយកប្រតិបត្តិ (CEO) របស់ AMD បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង់ថ្លៃសេវា ១៥% ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក លើរាល់ការដឹកជញ្ជូនបន្ទះឈីប MI308 ទៅកាន់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥។

ការសម្រេចចិត្តនេះគឺធ្វើឡើងក្រោម «កិច្ចព្រមព្រៀង» មួយដែលត្រូវបានប្រកាសឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីខែសីហា។ កិច្ចព្រមព្រៀងនោះអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា AMD និង Nvidia អាចបន្តលក់ឈីបមួយចំនួននៅប្រទេសចិនឡើងវិញបាន ដរាបណាពួកគេយល់ព្រមបង់ថ្លៃសេវា ឬពន្ធ ១៥% ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។

ទោះបីជាយ៉ាងនេះក្តី កិច្ចព្រមព្រៀងបង់ពន្ធលើការនាំចេញនេះកំពុងប្រឈមនឹងការរិះគន់ផ្នែកច្បាប់ធ្ងន់ធ្ងរ។ បើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកជំនាញផ្នែកច្បាប់មួយចំនួនបានព្រមានថា ការយកពន្ធ ១៥% លើទំនិញនាំចេញបែបនេះ អាចនឹង «បំពានទៅលើការហាមឃាត់របស់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក»។ ការប្រកាសរបស់លោកស្រី Lisa Su ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទមួយដែលរៀបចំដោយទស្សនាវដ្តីបច្ចេកវិទ្យា Wired នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ៕