អត្តពលិក ១៦,០០០នាក់ មកពិ ៨៦ប្រទេស ត្រៀមចូលរួមខួប ៣០ឆ្នាំ នៃទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ស្អែកនេះ ដែលបង្ហាញពីការអភិវឌ្ឍ និងសន្ដិភាពនៅកម្ពុជា

06-12-2025 08:33

(ភ្នំពេញ)៖ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី៣០ នឹងប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ លើទឹកដីអច្ឆរិយអង្គរ ខេត្តសៀមរាប ដោយកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិសរុបចំនួន ១៦,០០០នាក់ មកពី ៨៦ប្រទេសចូលរួម។

នេះគឺជាកំណត់ត្រាថ្មី ដែលមានអ្នកចុះឈ្មោះចូលរួមដ៏ច្រើន ក្នុងប្រវត្តិរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំនេះ រយៈពេល ៣០ឆ្នាំ ពោលគឺតាំងពីឆ្នាំ១៩៩៦ មក ស្របពេលគណៈកម្មការរៀបចំ បានបិទឈប់ទទួលពាក្យមុនព្រឹត្តិការណ៍ តាំងពីជាង ១ខែមុន។ នេះជាសញ្ញាណវិជ្ជមាន នៃភាពរីកចម្រើននូវការរៀបចំ ដែលបង្ហាញពីការអភិវឌ្ឍ និងសន្ដិភាពនៅកម្ពុជា។

លោ វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបង្ហាញមោទនភាពជាខ្លាំង ចំពោះភាពរីកចម្រើននៃព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិនេះ ដែលបញ្ជាក់ពីភាពរីកចម្រើន និងការអភិវឌ្ឍរបស់សង្គមជាតិ ក៏ដូចជាបង្ហាញឲ្យឃើញពីកត្ដាសុខសន្ដិភាពរបស់ព្រះរាជាណាចក្រកកម្ពុជា ដែលជួយដល់វិស័យទេសចរណ៍ និងអាជីវកម្មផ្សេងៗផងដែរ។

គួរដឹងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ កាលពីលើកទី១ ឆ្នាំ១៩៩៦ មានអ្នកចូលរួមត្រឹម ៦៥៤នាក់ប៉ុណ្ណោះ ហើយបន្ដកើនឡើងជាបន្ដបន្ទាប់ រហូតដល់ឆ្នាំ២០២៤ បានទាក់ទាញអ្នកចូលរួមសរុប ១៤,៣៧០នាក់ ហើយកាន់តែពិសេស នៅក្នុងខួប ៣០ឆ្នាំ នាព្រឹកថ្ងៃទី៧ ខែធ្នូស្អែកនេះ គឺជាកំណត់ត្រាដ៏អស្ចារ្យថ្មីមួយទៀត ដែលមានអ្នកចុះឈ្មោះចូលរួមរហូតដល់ជាង ១៦,០០០នាក់។ ព្រឹត្តិការណ៍នេះ បានក្លាយជាផ្នែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់អ្នកជីវកររកទទួលទានផ្សេងៗលើទឹកដីអង្គរផងដែរ៕