Meta បោះទុនទិញក្រុមហ៊ុន Limitless ដើម្បីបំពាក់ AI ក្នុងវ៉ែនតា និងឧបករណ៍ពាក់ជាប់ខ្លួន

06-12-2025 08:52

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Meta បានប្រកាសពីការទិញយកក្រុមហ៊ុន startup ថ្មីផ្នែកឧបករណ៍ពាក់ជាប់ខ្លួន (AI-wearables) ឈ្មោះ Limitless ដែលជាអ្នកផលិតឧបករណ៍រាងដូចមេដាយសម្រាប់កត់ត្រា និងបម្លែងសំឡេងនៃការសន្ទនាជាក់ស្ដែងទៅជាអក្សរ។ ការទិញនេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ Meta ក្នុងការបង្កើនការអភិវឌ្ឍផ្នែក Hardware របស់ខ្លួនដែលមានបំពាក់នូវបញ្ញាសិប្បនិម្មិត (AI) ជំនាន់ក្រោយ។ Limitless ដែលធ្លាប់បានរៃអង្គាសបានជាង ៣៣ លានដុល្លារ មិនបានបង្ហាញលក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនេះទេ។ នេះបើយោងតាមការចេញផ្សាយដោយ CNA ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥។

លោក Dan Siroker នាយកប្រតិបត្តិ និងជាសហស្ថាបនិករបស់ Limitless បានថ្លែងថា ក្រុមការងារនឹងចូលរួមជាមួយ Meta ដើម្បីសម្រេចចក្ខុវិស័យរួមរបស់ពួកគេ៖ «ថ្មីៗនេះ Meta បានប្រកាសចក្ខុវិស័យថ្មីមួយដើម្បីនាំយកបញ្ញាសិប្បនិម្មិតផ្ទាល់ខ្លួន (personal superintelligence) ទៅកាន់មនុស្សគ្រប់រូប ហើយផ្នែកដ៏សំខាន់នៃចក្ខុវិស័យនោះគឺការបង្កើតឧបករណ៍ពាក់ជាប់ខ្លួនដែលមានបំពាក់ AI ដ៏អស្ចារ្យ។ យើងចែករំលែកចក្ខុវិស័យនេះ ហើយយើងនឹងចូលរួមជាមួយ Meta ដើម្បីជួយនាំយកចក្ខុវិស័យរួមរបស់យើងឱ្យក្លាយជាការពិត»

Meta មានផែនការប្រើប្រាស់សមត្ថភាពបច្ចេកទេសរបស់ Limitless ដើម្បីពន្លឿនការងាររបស់ខ្លួនក្នុងការកសាងឧបករណ៍ពាក់ជាប់ខ្លួនដែលមានបំពាក់ AI ជំនាន់ក្រោយ ស្របពេលដែលក្រុមហ៊ុនកំពុងសហការជាមួយ Ray-Ban និង Oakley ដើម្បីផលិតវ៉ែនតាឆ្លាតវៃ (smart glasses) ដែលមាន AI។ អ្នកនាំពាក្យរបស់ Meta បានលើកឡើងយ៉ាងខ្លីថា៖ «យើងពិតជារំភើបដែល Limitless នឹងចូលរួមជាមួយ Meta ដើម្បីជួយពន្លឿនការងាររបស់យើងក្នុងការកសាងឧបករណ៍ពាក់ជាប់ខ្លួនដែលមានបំពាក់ AI»

ទោះបីជាការលក់ឧបករណ៍ដល់អតិថិជនថ្មីត្រូវបានបញ្ឈប់ក៏ដោយ Meta និង Limitless នឹងបន្តគាំទ្រអ្នកប្រើប្រាស់ដែលមានស្រាប់។ ឧបករណ៍របស់ Limitless ដែលដើរតួជាជំនួយការ AI ដើម្បីជួយបង្កើនការចងចាំ និងផលិតភាពប្រចាំថ្ងៃ ត្រូវបានគេមើលឃើញថាជាការបោះជំហានដ៏សំខាន់សម្រាប់ Meta ក្នុងការប្រកួតប្រជែងលើទីផ្សារឧបករណ៍ AI ថ្មី៕