World Cup 2026 លើកទី២៣ ពុំមានពូលមរណៈ ខណៈក្រុមលេខ៣ ក៏មានឱកាសឡើងវគ្គបន្ត
06-12-2025 09:42
(បរទេស)៖ លទ្ធផលចាប់ឆ្នោតបែងចែកពូលទាំង ៤៨ប្រទេស សម្រាប់ព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក World Cup 2026 ជំនាន់ទី២៣ ត្រូវបានរកឃើញនៅក្នុងកម្មវិធី ដែលត្រូវបានធ្វើឡើងនៅសហរដ្ឋអាមេរិក ដៃគូម្ចាស់ផ្ទះជាមួយមិចស៊ិក និងកាណាដា។
ជាលទ្ធផលនៃពិធីចាប់ឆ្នោតដែលមាន ៤ក្រុមក្នុង ១ពូល ក្រោមវត្តមាន ៤២ក្រុមមានកៅអីស្វ័យប្រវត្តិ ដ្បិត ៦ក្រុមផ្សេងទៀត ក៏ត្រូវបានចាប់បញ្ចូលក្នុងពូលនីមួយៗដែរ បើទោះបីជាពុំទាន់ឆ្លងកាត់វគ្គជម្រុះអន្តរទ្វីប និងជម្រុះជុំទី២ ប្រចាំតំបន់ ដែលនឹងធ្វើឡើងនាខែមីនា ឆ្នាំ២០២៦ ក៏ដោយ។
ជាការកត់សម្គាល់ផងដែរ ក្នុងចំណោម ១២ពូលសរុបនោះ មិនមានពូលណាមួយ ដែលអាចចាត់ទុកថាជាពូលមរណៈឡើយ ស្របពេលរូបមន្តប្រកួត ក្រុមលេខ១ និងលេខ២ ឡើងវគ្គបន្ត គ្រាដែលក្រុមលេខ៣ ល្អចំនួន ៨ក្រុម ក៏នឹងត្រូវជ្រើសរើស ដើម្បីបង្រ្គប់កៅអីវគ្គ ៣២ក្រុមផងដែរ។
នេះមានន័យថា បណ្តាក្រុមនីមួយៗត្រូវលេង ៣ប្រកួតដូចគ្នាប្រចាំពូលរបស់ពួកគេ វិលជុំសន្សំពិន្ទុចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា និងផ្តាច់ព្រ័ត្រនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅតំបន់អាមេរិកខាងជើង។
នៅចាំបានថា បច្ចខែលព័រទុយហ្គាល់ ម្ចាស់ជើងឯក Euro 2016 គឺជាក្រុមលេខ៣ ល្អចេញពីក្នុងពូលនៅប្រទេសបារាំង ដែលលេងមិនឈ្នះ និងចាញ់ឡើយ ពោលគឺស្មើទាំង ៣ប្រកួតតែម្តង មុនឡើងមកផ្តួលម្ចាស់ផ្ទះមាន់គកបារាំង ដើម្បីគ្រងជើងឯកអឺរ៉ុបជាលើកដំបូងរបស់ពួកគេ។
ខាងក្រោមនេះ ជាពូលទាំង ១២។ តើក្រុម Idol របស់បងប្អូន ស្ថិតក្នុងពូលណាដែរ?
ពូល A៖ មិចស៊ិក អាហ្រ្វិកខាងត្បូង កូរ៉េខាងត្បូង និងជម្រុះអឺរ៉ុប ពូល D
ពូល B៖ កាណាដា កាតា ស្វីស និងជម្រុះអឺរ៉ុប ពូល A
ពូល C៖ ប្រេស៊ីល ម៉ារ៉ុក ហៃទី និងស្កុតឡេន
ពូល D៖ អាមេរិក ប៉ារ៉ាហ្គាយ អូស្រ្តាលី និងជម្រុះអឺរ៉ុប ពូល C
ពូល E៖ អាល្លឺម៉ង់ កូរ៉ាកាវ កូដឌីវ័រ និងអេក្វាទ័រ
ពូល F៖ ហូឡង់ ជប៉ុន ទុយនេស៊ី និងជម្រុះអឺរ៉ុប ពូល B
ពូល G៖ ប៊ែលហ្សិក អេហ្ស៊ីប អ៉ីរ៉ង់ និងណូវែលហ្សេឡង់
ពូល H៖ អេស្ប៉ាញ កាប់វ៉េ អារ៉ាប៊ីសាអូឌីត និងអ៊ុយរូហ្គាយ
ពូល I៖ បារាំង សេណេហ្គាល់ ន័រវេស និងជម្រុះអន្តរទ្វីប ២
ពូល J៖ អាហ្សង់ទីន អាល់ហ្សេរី អូទ្រីស និងហ្ស៊កដានី
ពូល K៖ ព័រទុយហ្គាល់ អ៊ូសបេគីស្ថាន កូឡុំប៊ី និងជម្រុះអន្តរទ្វីប ១
ពូល L៖ អង់គ្លេស ក្រូអាត ហ្គាណា និងប៉ាណាម៉ា៕



