ក្រុមហ៊ុន X របស់ Elon Musk ត្រូវបានគណៈកម្មការអឺរ៉ុប ផាកពិន័យ ១២០លានអឺរ៉ូ ពីបទរំលោភលើច្បាប់តម្លាភាព

06-12-2025 10:56

(បរទេស)៖ ក្រុមហ៊ុនបណ្ដាញសង្គមយក្ស X (ពីមុនឈ្មោះ Twitter) របស់លោក Elon Musk ត្រូវបានគណៈកម្មការអឺរ៉ុប (European Commission) ផាកពិន័យជាប្រាក់ចំនួន ១២០ លានអឺរ៉ូ (ប្រហែល ១៤០ លានដុល្លារអាមេរិក) កាលពីថ្ងៃសុក្រ ពីបទរំលោភលើកាតព្វកិច្ចតម្លាភាពក្រោមច្បាប់សំខាន់របស់ប្លុកនេះ គឺច្បាប់ស្តីពីសេវាកម្មឌីជីថល (Digital Services Act - DSA)។

ការផាកពិន័យនេះ គឺជាការសម្រេចចិត្តពីបទមិនអនុលោមតាមច្បាប់ (non-compliance decision) លើកដំបូងដែលត្រូវបានចេញផ្សាយក្រោមច្បាប់ DSA ដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ២០២២ ដើម្បីតម្រូវឱ្យវេទិកាអនឡាញធំៗទទួលខុសត្រូវខ្ពស់ជាងមុនក្នុងការការពារអ្នកប្រើប្រាស់ និងទប់ស្កាត់ខ្លឹមសារដែលបង្កគ្រោះថ្នាក់។

គណៈកម្មការអឺរ៉ុបបានរកឃើញថា X បានរំលោភបំពានលើតម្រូវការតម្លាភាពចំនួនបីដាច់ដោយឡែកពីគ្នាក្នុងអំឡុងពេលនៃការស៊ើបអង្កេតរយៈពេលពីរឆ្នាំ។

ក្នុងនោះទីមួយគឺ ការរចនាប័ណ្ណសម្គាល់ «Blue Checkmark» បែបបោកបញ្ឆោត (Deceptive Design): គណៈកម្មការបានចាត់ទុកថា ប្រព័ន្ធសញ្ញាធីកពណ៌ខៀវដែលអ្នកប្រើប្រាស់អាចទិញបានដោយមិនចាំបាច់មានការផ្ទៀងផ្ទាត់អត្តសញ្ញាណត្រឹមត្រូវ គឺជា «ការរចនាបែបបោកបញ្ឆោត»។ ការអនុវត្តនេះធ្វើឱ្យអ្នកប្រើប្រាស់ពិបាកក្នុងការវាយតម្លៃពីភាពត្រឹមត្រូវនៃគណនី និងខ្លឹមសារ ដែលអាចបង្កឱ្យមានការបោកប្រាស់ (scams) និងការបំភាន់ (manipulation)។

ទីពីរគឺ កង្វះតម្លាភាពនៃឃ្លាំងផ្ទុកការផ្សាយពាណិជ្ជកម្ម (Ad Repository): X មិនបានបំពេញតាមតម្រូវការ DSA ក្នុងការរក្សាទុកមូលដ្ឋានទិន្នន័យផ្សាយពាណិជ្ជកម្មដែលអាចចូលមើលជាសាធារណៈ ប្រកបដោយតម្លាភាព និងងាយស្រាវជ្រាវឡើយ។ គណៈកម្មការបានលើកឡើងពីចំណុចខ្វះខាតនៃការរចនា និងឧបសគ្គក្នុងការចូលប្រើប្រាស់ រួមទាំង "ការពន្យារពេលហួសហេតុក្នុងការដំណើរការ" ដែលធ្វើឱ្យអ្នកស្រាវជ្រាវ និងសាធារណជនពិបាកតាមដានថាអ្នកណាជាអ្នកចំណាយសម្រាប់ការផ្សាយពាណិជ្ជកម្ម និងគោលដៅទស្សនិកជនរបស់វា។

ទីបីគឺ ការរាំងស្ទះដល់អ្នកស្រាវជ្រាវក្នុងការចូលប្រើទិន្នន័យសាធារណៈ (Access to Public Data for Researchers): X បានដាក់ «ឧបសគ្គដែលមិនចាំបាច់» សម្រាប់អ្នកស្រាវជ្រាវឯករាជ្យដែលស្វែងរកការចូលប្រើទិន្នន័យសាធារណៈនៅលើវេទិកា។

លោកស្រី Henna Virkkunen អនុប្រធានប្រតិបត្តិរបស់ EU ទទួលបន្ទុកបច្ចេកវិទ្យា បានមានប្រសាសន៍ថា៖ «ការបោកបញ្ឆោតអ្នកប្រើប្រាស់ដោយសញ្ញាធីកពណ៌ខៀវ ការលាក់បាំងព័ត៌មានស្តីពីការផ្សាយពាណិជ្ជកម្ម និងការបិទផ្លូវអ្នកស្រាវជ្រាវ គ្មានកន្លែងណាអាចមានវត្តមាននៅលើអ៊ីនធឺណិតក្នុងសហភាពអឺរ៉ុបឡើយ។ ជាមួយនឹងការសម្រេចចិត្តមិនអនុលោមតាម DSA លើកដំបូងនេះ យើងកំពុងតែកំពុងដាក់ទោស X ចំពោះការបំផ្លាញសិទ្ធិអ្នកប្រើប្រាស់ និងការគេចវេសពីការទទួលខុសត្រូវ»

ក្រុមហ៊ុន X ត្រូវបានតម្រូវឱ្យដាក់ផែនការលម្អិតដើម្បីដោះស្រាយការរំលោភបំពានទាំងនេះ ក្នុងរយៈពេល ៦០ ថ្ងៃ សម្រាប់បញ្ហាសញ្ញាធីកពណ៌ខៀវ និង ៩០ ថ្ងៃ សម្រាប់បញ្ហាឃ្លាំងផ្សាយពាណិជ្ជកម្ម និងការចូលប្រើទិន្នន័យ។

គណៈកម្មការបានព្រមានថា ការខកខានមិនបានអនុវត្តតាមការសម្រេចចិត្តនេះ អាចនឹងនាំឱ្យមានការបង់ប្រាក់ពិន័យតាមកាលកំណត់បន្ថែមទៀត៕