ប៉ូលិស ឆ្មក់ចូលឆែកឆេរផ្ទះរបស់ប្រធានក្រុម Fenerbahce ជុំវិញរឿងអាស្រូវបាល់ទាត់តួកគី

06-12-2025 11:41

(បរទេស)៖ ក្រុមប៉ូលិសបានឆ្មក់ចូលឆែកឆេរផ្ទះរបស់កីឡាករ Mert Hakan Yandas ប្រធានក្រុម Fenerbahce ករណីស៊ើបអង្កេតបញ្ហាពុករលួយ ក្នុងពិភពបាល់ទាត់នៃប្រទេសតួកគីបច្ចុប្បន្ន។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

រដ្ឋអាជ្ញាប្រចាំទីក្រុង Istanbul បានបញ្ជាឱ្យឃាត់ខ្លួនមនុស្ស ៤៦នាក់នាព្រឹកថ្ងៃសុក្រ ក្នុងនោះដែរមាន ២៩នាក់ជាកីឡាករដែលមានការជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវបាល់ទាត់ក្នុងប្រទេសតួកគី ដែលបានកំពុងបន្តកើតមានឡើង។

ខ្សែបម្រើ Mert Hakan Yandas វ័យ ៣១ឆ្នាំ ត្រូវបានចោទប្រកាន់ដោយរដ្ឋអាជ្ញា ពីបទជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ការប្រកួតជាមួយនឹងភាគីទី៣ ដោយលោកត្រូវបានប៉ូលិសឃាត់ខ្លួនផងដែរ ក្នុងចំណោមកីឡាកររបស់ក្លឹប Galatasaray ថែមទៀតផង។

បច្ចុប្បន្នលីគកំពូលតួកគី Super Lig ដំណើរការបាន ១៤ប្រកួតហើយ ស្របពេល Galatasaray បានកំពុងឈរទីកំពូលតារាងបណ្តោះអាសន្ន ដោយនាំមុខក្រុមលេខ២ Fenerbahce ត្រឹម ១ពិន្ទុប៉ុណ្ណោះ និងឈរលេខ១៤ ផងដែរនៅពាន UEFA Champions League គ្រាដែល Fenerbahce វិញ ស្ថិតនៅលេខ២០ នៃព្រឹត្តិការណ៍ Europa League។

កាលពីអំឡុងខែវិច្ឆិកាកន្លងទៅថ្មីៗនេះ សហព័ន្ធបាល់ទាត់តួកគី FA បានដកបញ្ឈរជើងកីឡាករច្រើនជាង ១,០០០នាក់ នៅពេលរកឃើញមានការជាប់ពាក់ព័ន្ធទៅនឹងល្បែងភ្នាល់ ក្រោយប្រធានសហព័ន្ធបានប្តឹងអាជ្ញាកណ្តាល រាប់រយនាក់ ថាមានគណនីភ្នាល់អនឡាញកាលពីខែតុលា ឆ្នាំ២០២៥៕