Arsenal របួសខ្សែការពារល្អ ៣នាក់ គ្រាដែលនាំមុខកំពូលតារាងដាច់ត្រឹម ៥ពិន្ទុពី Man City
06-12-2025 15:34
(ឡុងដ៍)៖ Arsenal បានបន្តរបួសកីឡាករនៅតំបន់ការពារ ១រូបទៀតហើយ មុនពេលប៉ះម្ចាស់ផ្ទះ Aston Villa នាក្បាលព្រលប់ថ្ងៃសៅរ៍ ទី០៦ ខែធ្នូ នៅពេលពួកគេកំពុងនាំកំពូលតារាងលីគអង់គ្លេស Premier League ដាច់ត្រឹម ៥ពិន្ទុពីក្រុមលេខ២ Manchester City។
តួយ៉ាងណា ក្រោយជ័យជម្នះ ២ទល់នឹង០ នៅពាក់កណ្តាលសប្តាហ៍នេះទៅលើក្រុមភ្ញៀវ Brentford នៅកីឡដ្ឋាន Emirates ក្រុមរបស់លោក Mikel Arteta បានរបួសខ្សែការពារ Cristhian Mosquera ដែលអាចអវត្តមានចាប់ពី ៦-៨សប្តាហ៍ឯណោះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
កីឡាករអន្តរជាតិអេស្ប៉ាញ វ័យ ២៦ឆ្នាំរូបនេះមានឱកាសចូលលេងនៅតំបន់ការពារកណ្តាលបែបនេះ ដោយសារមិត្តរួមក្រុមជម្រើសដំបូង Gabriel Magalhaes និង William Saliba បានជួបបញ្ហារបួសកន្លងមក។
ក្រុមកាំភ្លើងធំ នឹងធ្វើដំណើរទៅប៉ះក្រុមលេខ៣ ក្នុងលីគ Aston Villa នាម៉ោង ១៩៖៣០នាទីយប់ថ្ងៃសៅរ៍នេះ (ម៉ោងនៅកម្ពុជា) ក្នុងសប្តាហ៍ទី១៥ ជើងទី១ មុនពេលធ្វើដំណើរទៅប៊ែលហ្សិក ដើម្បីប៉ះក្រុម Club Brugge នៅថ្ងៃពុធ ទី១០ ខែធ្នូសប្តាហ៍ក្រោយ ក្នុងនាមក្រុមកំពូលតារាងពានអឺរ៉ុប UEFA Champions League រដូវកាលនេះផងដែរ៕



