CEO ក្រុមហ៊ុន Coupang លាលែងភ្លាមៗ ក្រោយទិន្នន័យអតិថិជនជាង ៣៣ លាននាក់ ត្រូវបានលួច
11-12-2025 09:59
(បរទេស)៖ ក្រុមហ៊ុនលក់រាយអនឡាញធំជាងគេបង្អស់របស់កូរ៉េខាងត្បូង Coupang បានប្រកាសនៅថ្ងៃពុធនេះថា លោក Park Dae-jun នាយកប្រតិបត្តិ (CEO) របស់ខ្លួនបានលាលែងពីតំណែង។ ការលាលែងនេះធ្វើឡើងដើម្បីទទួលខុសត្រូវចំពោះករណីលួចទិន្នន័យដ៏ធំមួយដែលប៉ះពាល់ដល់អតិថិជនជាង ៣៣ លាននាក់ ដែលជាការបំពានទិន្នន័យដ៏អាក្រក់បំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
ក្រុមហ៊ុន Coupang ដែលគាំទ្រដោយក្រុមហ៊ុន SoftBank Group របស់ជប៉ុន បានបញ្ជាក់ថា ការបំពាននេះ ដែលត្រូវបានគេជឿថាបានចាប់ផ្តើមតាំងពីខែមិថុនា បានបង្ហាញនូវព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗរបស់អតិថិជន រួមមាន ឈ្មោះ អាសយដ្ឋានអ៊ីមែល លេខទូរស័ព្ទ អាសយដ្ឋានដឹកជញ្ជូន និងប្រវត្តិបញ្ជាទិញមួយចំនួន។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីការទូទាត់ ឬព័ត៌មានចូលគណនី (login credentials) គឺមិនត្រូវបានលេចធ្លាយនោះទេ។ ក្រុមហ៊ុនបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយនិយាយថា Coupang «សូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះការបង្កកង្វល់ដល់សាធារណជន» ហើយបានសន្យាថានឹងពង្រឹងវិធានការសន្តិសុខ។
គួរជម្រាបថា ការលាលែងរបស់លោក Park ត្រូវបានប្រកាសភ្លាមៗ បន្ទាប់ពីនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Kim Min-seok បានចេញសេចក្តីថ្លែងការណ៍តឹងរ៉ឹងថា រដ្ឋាភិបាល «នឹងបើកការស៊ើបអង្កេតយ៉ាងហ្មត់ចត់ និងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះការរំលោភបំពានផ្លូវច្បាប់ណាមួយដែលប្រព្រឹត្តដោយក្រុមហ៊ុន»។ ស្របពេលជាមួយគ្នានោះដែរ ប៉ូលិសបានបើកការវាយឆ្មក់លើការិយាល័យរបស់ក្រុមហ៊ុន Coupang ក្នុងទីក្រុងសេអ៊ូលរួចហើយកាលពីដើមសប្តាហ៍នេះ។ ក្រុមហ៊ុនបានតែងតាំងលោក Harold Rogers ដែលជាប្រធានផ្នែករដ្ឋបាលនៃក្រុមហ៊ុនមេនៅសហរដ្ឋអាមេរិក ឱ្យទទួលតួនាទីជានាយកប្រតិបត្តិបណ្តោះអាសន្ន៕










