Google បោះទុនរាប់ពាន់លាន តែងតាំងមេធំថ្មីដើម្បីពង្រឹងមូលដ្ឋានគ្រឹះ AI ប្រជែងជាមួយ Microsoft និង Amazon

11-12-2025 16:50

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Google បានចាប់ផ្តើមយុទ្ធសាស្ត្រធំមួយក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) ដោយបានប្រកាសតែងតាំងនាយកប្រតិបត្តិជើងចាស់ លោក Amin Vahdat ជាប្រធានបច្ចេកវិទ្យាថ្មីទទួលបន្ទុកលើការសាងសង់មូលដ្ឋានគ្រឹះហេដ្ឋារចនាសម្ព័ន្ធ AI។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។

ការផ្លាស់ប្តូរតំណែងនេះបង្ហាញពីភាពចាំបាច់របស់ Google ក្នុងការបង្កើនសមត្ថភាពគណនា ខណៈក្រុមហ៊ុនកំពុងចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់លើមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងផ្នែករឹង (Hardware) ដែលជាឆ្អឹងខ្នងសម្រាប់ដំណើរការ AI ទំនើបៗ។ នាយកប្រតិបត្តិ Google Cloud លោក Thomas Kurian បានសង្កត់ធ្ងន់ពីសារៈសំខាន់នេះ ដោយលើកឡើងក្នុងលិខិតផ្ទៃក្នុងថា៖ «ការផ្លាស់ប្តូរនេះបានកំណត់ហេដ្ឋារចនាសម្ព័ន្ធ AI ជាតំបន់អាទិភាពសំខាន់មួយសម្រាប់ក្រុមហ៊ុន»

បច្ចុប្បន្ន ទីផ្សារ AI កំពុងក្លាយជាសមរភូមិដ៏ក្ដៅគគុក ដោយមានក្រុមហ៊ុនធំៗដូចជា Microsoft និង Amazon ក៏កំពុងវិនិយោគយ៉ាងគំហុកដែរ។ Google បានត្រៀមប្រកួតប្រជែងវិញ ដោយផ្តោតលើការរចនាអង្គភាពដំណើរការបន្ទះឈីប AI របស់ខ្លួន (TPUs) ដោយខ្លួនឯង។ ក្រុមហ៊ុនជឿជាក់ថា ការគ្រប់គ្រងមូលដ្ឋានគ្រឹះផ្នែក Hardware គឺមានសារៈសំខាន់ស្មើនឹងក្បួនដោះស្រាយ (algorithms) ទៅហើយ។ តាមការព្យាករណ៍ ការចំណាយដើមទុនសរុបរបស់ Google លើផ្នែកនេះអាចនឹងកើនលើស ៩០ ពាន់លានដុល្លារ នៅចុងឆ្នាំនេះ។

ជាមួយគ្នានេះ លោក Sundar Pichai នាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Google បានសង្កត់ធ្ងន់ជាសាធារណៈថា ការចំណាយនេះនឹងធ្វើឡើងដោយ «មានវិន័យ» ទោះបីជាក្រុមហ៊ុនមានទុនបម្រុងដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងផ្នែក Cloud ដល់ទៅ ១៥៥ ពាន់លានដុល្លារ ក៏ដោយ។ សកម្មភាពនេះបានបញ្ជាក់យ៉ាងច្បាស់ថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ AI គឺពិតជាក្លាយជាយុទ្ធសាស្ត្រអាទិភាពខ្ពស់បំផុត និងមិនអាចខ្វះបានសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដើម្បីដណ្តើមទីផ្សារនាពេលអនាគត៕