សភាអាមេរិក កោះហៅនាយកប្រតិបត្តិ Nvidia ផ្តល់សក្ខីកម្មលើការអនុម័តរបស់លោក Trump សម្រាប់ការលក់បន្ទះឈីបឲ្យចិន
12-12-2025 10:14
(បរទេស)៖ សមាជិកព្រឹទ្ធសភាអាេមរិកមកពីគណបក្សប្រជាធិបតេយ្យ លោកស្រី Elizabeth Warren បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដល់នាយកប្រតិបត្តិ របស់ក្រុមហ៊ុន Nvidia លោក Jensen Huang និងលេខាធិការក្រសួងពាណិជ្ជកម្ម លោក Howard Lutnick ឱ្យផ្តល់សក្ខីកម្ម បន្ទាប់ពីប្រធានាធិបតី Donald Trump បានប្រកាសពីផែនការ ដើម្បីផ្តល់ភ្លើងខៀវដល់ការលក់បន្ទះឈីប AI ទំនើបបំផុតទីពីររបស់ Nvidia ទៅឱ្យប្រទេសចិន។
នៅក្នុងសុន្ទរកថាមួយនៅព្រឹទ្ធសភា លោកស្រីក៏បានលើកឡើងពីការព្រួយបារម្ភផងដែរថា លោក Trump អាចនឹងបិទមាត់ក្រសួងយុត្តិធម៌របស់លោក បន្ទាប់ពីខ្លួនបានប្រកាសពីការបង្ក្រាបលើប្រតិបត្តិការរត់ពន្ធដែលរួមមានបន្ទះឈីប ដែលគេស្គាល់ថាជាប្រភេទ H200 ទៅកាន់ប្រទេសចិននៅថ្ងៃដដែល ដែលលោក Trump បានប្រកាសពីការផ្លាស់ប្តូរគោលនយោបាយ។ «តើលោក ដូណាល់ ត្រាំ នឹងបិទមាត់ក្រសួងយុត្តិធម៌របស់លោកផ្ទាល់ ពីព្រោះលោកមិនចង់ឱ្យជនជាតិអាមេរិកដឹងថា លោកកំពុងលក់សន្តិសុខជាតិរបស់យើងមែនទេ?» លោកស្រី Elizabeth Warren បានសួរ។
ក្រសួងពាណិជ្ជកម្ម មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយទេ។ អ្នកនាំពាក្យសេតវិមាន លោក Kush Desai បាននិយាយថា «មានភាពខុសគ្នាយ៉ាងច្បាស់រវាងបន្ទះឈីបដែលត្រូវបានរត់ពន្ធខុសច្បាប់ទៅកាន់អ្នកទិញដែលមិនស្គាល់ដោយគ្មានការត្រួតពិនិត្យបទប្បញ្ញត្តិ និងបន្ទះឈីបដែលត្រូវបាននាំចេញបន្ទាប់ពីការត្រួតពិនិត្យសន្តិសុខជាតិទៅកាន់អ្នកប្រើប្រាស់ចុងក្រោយដែលបានកំណត់ជាពិសេស»។
ក្រុមហ៊ុន Nvidia បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលក់បន្ទះឈីប H200 ទៅប្រទេសចិន នៅតែត្រូវការអាជ្ញាប័ណ្ណរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយបានពិពណ៌នាអំពីចំណែកសរុបនៃបន្ទះឈីបដែលទៅប្រទេសចិនជាភាគរយតូចមួយនៃបន្ទះឈីប AI ទំនើបដែលបានលក់ទៅឱ្យអតិថិជនអាមេរិករួចហើយ។ ក្រុមហ៊ុនបានបន្ថែមថា «ដៃគូប្រកួតប្រជែងបរទេសរបស់អាមេរិក និងអ្នករិះគន់រដ្ឋបាលកំពុងជំរុញគោលដៅដូចគ្នា ដើម្បីបង្ខំឱ្យទីផ្សារពាណិជ្ជកម្មដ៏ធំគាំទ្រ និងលើកកម្ពស់ការប្រកួតប្រជែងបរទេស»៕











