អ្នកគាំទ្រអំពាវនាវឱ្យ FIFA បញ្ឈប់ការបែងចែកតម្លៃសំបុត្រ ដោយចោទថាមានតម្លៃខ្ពស់ហួសហេតុ
12-12-2025 10:15
(បរទេស)៖ អ្នកគាំទ្របាល់ទាត់អឺរ៉ុប (FSE) បានអំពាវនាវឱ្យ FIFA បញ្ឈប់ការលក់នឹងបែងចែកតម្លៃសំបុត្រ សម្រាប់ក្រុមជម្រើសជាតិនៅព្រឹត្តិការណ៍ World Cup 2026 ជាបន្ទាន់ ដោយបានចោទប្រកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកនេះ ថាបានកំណត់តម្លៃសំបុត្រខ្ពស់ហួសហេតុ ដែលអាចធ្វើឱ្យអ្នកគាំទ្រធម្មតាមិនអាចចូលរួមទស្សនាការប្រកួតបាន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ ពីក្រុមអ្នកគាំទ្រអឺរ៉ុបបាននិយាយថា តម្លៃសំបុត្រដែលបានបែងចែកទៅឱ្យសមាគមសមាជិកចូលរួម ជាធម្មតាចែកចាយតាមរយៈក្លឹបអ្នកគាំទ្រផ្លូវការបានឈានដល់កម្រិតខ្ពស់ ។ ជាមួយបញ្ហានេះ ស្ថាប័ន FIFA នៅមិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនេះនោះទេ។
គ្រាដែល FSE បាននិយាយថា ដោយផ្អែកលើតារាងតម្លៃដែលត្រូវបានចែកចាយដោយស្ងាត់ៗទៅកាន់សមាគមជាតិ អ្នកគាំទ្រដែលតាមដានក្រុមរបស់ពួកគេចាប់ពីការប្រកួតចែកពូលដំបូង រហូតដល់វគ្គផ្តាច់ព្រ័ត្រតាមរយៈ PMA នឹងចំណាយយ៉ាងហោចណាស់ ៦,៩០០ដុល្លារ ដែលស្ទើរតែមានតម្លៃ ៥ដងនៃតម្លៃស្មើនឹងនៅព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា ។
អ្នកគាំទ្របាល់ទាត់អឺរ៉ុប FSE បានឱ្យដឹងទៀតថា អ្នកគាំទ្រក្រុមជម្រើសជាតិ នឹងមានការចំណាយប្រាក់ច្រើននៅដើមឆ្នាំ២០២៦ ដើម្បីធានាសិទ្ធិក្នុងការទិញសំបុត្ររហូតដល់វគ្គផ្តាច់ព្រ័ត្រ។
បន្ថែមពីលើការខកចិត្តរបស់អ្នកគាំទ្រ FSE ចំពោះប្រភេទសំបុត្រមានតម្លៃទាបបំផុត ប្រភេទទី៤- នឹងមិនត្រូវបានផ្តល់ជូនអ្នកគាំទ្រតាមរយៈសមាគមរបស់ពួកគេទេ ដោយ FIFA រក្សាទុកសំបុត្រទាំងនោះសម្រាប់ការលក់ជាសាធារណៈ និងធ្វើឱ្យពួកគេទទួលរងនូវការកំណត់តម្លៃណាមួយ ។
FSE ក៏បានជំរុញឱ្យ FIFA ផ្អាកការលក់សំបុត្រ PMA និងបើកការពិគ្រោះយោបល់ជាចំហជាមួយសមាគមសមាជិក ក្រុមអ្នកគាំទ្រ និងអ្នកពាក់ព័ន្ធផ្សេងទៀត រហូតដល់ដំណោះស្រាយត្រូវបានរកឃើញ ខណៈការប្រកួតដែលលេងនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ សម្រាប់ FIFA World Cup ជំនាន់ទី២៣ ក្នុងទម្រង់ថ្មី ៤៨ក្រុម ៕





