* ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines និយាយថា កំណត់ត្រាកក់សំបុត្រចំនួន ៤៦,០០០ ត្រូវបានប៉ះពាល់ ដោយសារការរំលោភបំពានទិន្នន័យលើប្រព័ន្ធ Amadeus
* Elon Musk កាត់បន្ថយដែនកំណត់របស់ Grok Bot ដោយសារតែចំណាយ «ខ្ពស់ហួសពីសមត្ថភាពទ្រទ្រង់»
* Snapchat ព្រមព្រៀងដោះស្រាយវិវាទជាមួយយុវវ័យ២នាក់ ជុំវិញការចោទប្រកាន់ថាបណ្តាញសង្គមប៉ះពាល់សុខភាពផ្លូវចិត្ត
* កូរ៉េខាងជើង បដិសេធការចោទប្រកាន់របស់អាមេរិក ជុំវិញការលួចរូបិយប័ណ្ណឌីជីថល Binance ដោយហៅថាជា «វោហារសាស្ត្រមិនសមហេតុផល»
* AI ជ្រើសរើសវិធីព្យាបាល និងបញ្ជាមនុស្សយន្តវះកាត់ខួរក្បាលកណ្តុរ ខណៈ AI មួយទៀតបដិសេធដោយសារបារម្ភពីសុវត្ថិភាព

កម្ពុជាមិនរងបម្រាមអ្វីទាំងអស់ ក្រោយដកខ្លួនពីស៊ីហ្គេម ខណៈបណ្ដាប្រទេសអាស៊ាន សុទ្ធតែគោរព និងគាំទ្រការសម្រេចចិត្តនេះ

12-12-2025 10:24

(ភ្នំពេញ)៖ កម្ពុជាមិនរងបម្រាមអ្វីឡើយ ជុំវិញការដកខ្លួនពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ក្រោយកម្ពុជាបានបំពេញកាតព្វកិច្ចការទូតកីឡារួចរាល់ តាមរយៈការចូលរួមកិច្ចប្រជុំ និងពិធីបើកផ្លូវការ ផ្ទុយទៅវិញ ថែមទាំងត្រូវបានបណ្ដាប្រទេសសមាជិកអាស៊ាន ក៏ដូចជាអាជ្ញាធរកីឡាអន្ដរជាតិ សម្ដែងនូវការគោរព និងគាំទ្រ ចំពោះការសម្រេចចិត្តនេះទៀតផង។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានប្រតិភូកីឡាកម្ពុជា ក្រោយត្រឡប់មកដល់មាតុភូមិវិញក្រោយគេ ជាមួយមន្ដ្រី ២រូប កាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ពោលគឺ ២ថ្ងៃក្រោយកម្ពុជា បានជូនដំណឹងទៅក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេម ឆ្នាំ២០២៥ អំពីការដកខ្លួន ដោយសារមានការព្រួយបារម្ភពីសុវត្ថិភាព។

ទន្ទឹមជាមួយការប្រកាសដកខ្លួននេះដែរ ក៏មានព័ត៌មានចរចាមអារ៉ាមលើកឡើងជាហូរហែថា កម្ពុជាបានរងបម្រាមមិនឲ្យចូលរួមព្រឹត្តិការណ៍អន្ដរជាតិមួយចំនួន ពិសេសកីឡាអាស៊ីអ ឆ្នាំ២០២៦ ។ ប៉ុន្ដែព័ត៌មានចរចាមអារ៉ាមនេះ ត្រូវបានលោក វ៉ាត់ ចំរើន ទាត់ចោល ហើយថា ជាការផ្សព្វផ្សាយបំភ្លៃការពិត ក្នុងចេតនាមិនល្អ។

លោក វ៉ាត់ ចំរើន ថា «ជុំវិញការលើកឡើងថា កម្ពុជាមិនរងពិន័យ ឬបម្រាមអ្វីទាំងអស់ ក្រោយដកខ្លួន គឺគ្មានទេ ព្រោះប្រតិភូកីឡាទាំងអស់ ពេលយើងដកខ្លួនហ្នឹង គេអបអរសាទរទៅទៀត គេថា ជាការសម្រេចចិត្តត្រឹមត្រូវ ទាំងគណៈកម្មការរៀបចំការប្រកួត ក៏គេសប្បាយចិត្តដែរ គេថាយើងសម្រេចចិត្តត្រឹមត្រូវ ។ អ៊ីចឹងអត់មានអ្វីប៉ះពាល់នោះទេ។ កាលមុនយើងទៅប្រកួត មានគេនិយាយថា សីប៉ាក់តាក្រ គេលែងឲ្យកម្ពុជាចូលរួម ហើយខ្លះថា គេអត់ឲ្យកម្ពុជាចូលរួមប្រកួតកីឡាអាស៊ីឆ្នាំក្រោយ ប៉ុន្ដែជាក់ស្ដែងពេលយើងទៅដល់ យើងសួរទៅ ថាអត់មានអ្នកណានិយាយទេ។

ខ្ញុំបានសួររហូតដល់សហព័ន្ធកីឡាសីប៉ាក់តាក្រពិភពលោក និងអាស៊ីទៀត តែគេថា អត់មាននិយាយទេ ពួកហ្នឹងនិយាយខុសទេ។ ឃើញទេ ពួកគេចេះតែចាក់ ចេះតែថា តាមពិតអត់មានអ្វីសោះ។ អ៊ីចឹងកីឡា ក៏ដោយ អ្វីក៏ដោយ ព៏ត៌មានពិត នឹងត្រូវទទួលបាននូវយុត្តិធម៌ កុំឲ្យមានការភាន់ច្រឡំ»។

គួរដឹងថា ដំបូងឡើយដោយទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល កម្ពុជាបានសម្រេចបញ្ជូនប្រតិភូកីឡា ១២ប្រភេទចូលរួម ហើយប្រតិភូ និងអត្តពលិកមួយចំនួន ក៏បានធ្វើដំណើរដល់ទីក្រុងបាងកក ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣។ ក្រោយពិធីបង្ហូតទង់ជាតិ និងចូលរួមពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី៩ ខែធ្នូ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានជូនដំណឹងទៅក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មការរៀបចំស៊ីហ្គេម ឆ្នាំ២០២៥ អំពីការដកខ្លួន និងត្រឡប់មកមាតុភូមិវិញភ្លាមៗ រហូតដល់ថ្ងៃទី១១ ខែធ្នូ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៨១នាក់ បានធ្វើដំណើរមកដល់មាតុភូមិវិញ ដោយសុវត្ថិភាពទាំងអស់គ្នា៕