OpenAI ដាក់ឱ្យដំណើរការ GPT 5.2 បន្ទាប់ពីការជំរុញសកម្មភាពអភិវឌ្ឍន៍យ៉ាងលឿនបំផុត ទប់ទល់នឹង Gemini 3 របស់ Google

12-12-2025 10:40

(បរទេស)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមហ៊ុន OpenAI បានដាក់ឱ្យដំណើរការគំរូបញ្ញាសិប្បនិម្មិត GPT 5.2 របស់ខ្លួន បន្ទាប់ពីនាយកប្រតិបត្តិ លោក Sam Altman ត្រូវបានគេរាយការណ៍ថាបានដាក់ចេញ «Code Red» ដែលមានន័យថាត្រូវធ្វើជាបន្ទាន់ ជាបទបញ្ជារផ្ទៃក្នុង ដែលបានដាក់ចេញនៅដើមខែធ្នូ ដោយផ្អាកគម្រោងមិនមែនស្នូលទាំងអស់ និងប្តូរទិសដៅក្រុម ដើម្បីពន្លឿនការអភិវឌ្ឍន៍បន្ទាន់និងភ្លាមៗ ដើម្បីទប់ទល់នឹងការរីកចម្រើនរបស់គូប្រជែង គឺ Gemini3 របស់ Google។ GPT5.2 ភ្ជាប់មកជាមួយនឹងការកែលម្អនៅក្នុងបញ្ញាទូទៅ ការសរសេរកូដ និងការយល់ដឹងអំពីបរិបទវែងឆ្ងាយ។ នេះបើតាមអ្វីដែលក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។

ក្រុមហ៊ុន Alphabet មេធំរបស់ Google បានដាក់ឱ្យដំណើរការកំណែចុងក្រោយបំផុតរបស់ Gemini នៅក្នុងខែវិច្ឆិកា ដោយបានបង្ហាញពីតំណែងនាំមុខគេរបស់ Gemini 3 នៅលើតារាងចំណាត់ថ្នាក់ឧស្សាហកម្មដ៏ពេញនិយមជាច្រើនដែលវាស់ស្ទង់ការអនុវត្តគំរូ AI។ លោក Altman បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ CNBC កាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយនាយកប្រតិបត្តិ Disney លោក Bob Iger ថា `Gemini 3 មានផលប៉ះពាល់តិចជាងអ្វីដែលយើងខ្លាច»

ក្រុមហ៊ុន Google មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការអត្ថាធិប្បាយនោះទេ។ ងាកមកក្រុមហ៊ុន Disney បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងវិនិយោគ ១ពាន់លានដុល្លារនៅក្នុង OpenAI ហើយនឹងអនុញ្ញាតឱ្យក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មប្រើប្រាស់តួអង្គពីសិទ្ធិផ្តាច់មុខ Star Wars, Pixar និង Marvel នៅក្នុងម៉ាស៊ីនបង្កើតវីដេអូ Sora AI របស់ខ្លួន។ ក្រុមហ៊ុន OpenAI ដែលគាំទ្រដោយ Microsoft បាននិយាយថា បច្ចុប្បន្នខ្លួនមិនមានគម្រោងដក GPT‑5.1, GPT‑5 ឬ GPT‑4.1 ចេញពីចំណុចប្រទាក់នៃកម្មវិធីរបស់ខ្លួនទេ។

គួរជម្រាបថា GPT-5.2 គឺមាន Instant, Thinking និង Pro នឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅក្នុង ChatGPT ចាប់ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ ដោយចាប់ផ្តើមជាមួយនឹងផែនការបង់ប្រាក់៕