លោក វ៉ាត់ ចំរើន៖ ការចូលរួម និងដកខ្លួនពីស៊ីហ្គេម នៅថៃ ដើរតាមយុទ្ធសាស្ដ្រត្រឹមត្រូវ និងមានការគាំទ្រផ្ទាល់ពីថ្នាក់ដឹកនាំ
12-12-2025 13:17
(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានស្រាយចម្ងល់របស់មហាជនមួយចំនួន ជុំវិញការចូលរួម និងដកខ្លួនចេញពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ គឺជាយុទ្ធសាស្ដ្រ ដែលមានការគូសវៀសត្រឹមត្រូវ ដោយមានការគាំទ្រពីថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបាយកចិត្តទុកដាក់ ខ្វាយខ្វល់ និងតាមដានជាប់ជានិច្ច។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាអាកាសយានដ្ឋានអន្តរជាតិតេជ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ក្រោយត្រឡប់មកដល់មាតុភូមិដោយសុវត្ថិភាព បានគូសបញ្ជាក់ ជុំវិញដំណើរចូលរួមប្រកួត រហូតដល់ការប្រកាសដកខ្លួនពីស៊ីហ្គេម យ៉ាងដូច្នេះថា «យើងមានការគូសវៀសរៀបចំជាជំហានៗ ធ្វើបុរេសកម្មដូចក្រឡាអុកអ៊ីចឹង ថាត្រូវធ្វើម៉េចខ្លះៗ មិនមែនចេះតែនឹកឃើញធ្វើទេ សុទ្ធតែរៀបចំជាលក្ខណៈពិសេស ក្ដាប់ស្ថានការណ៍ជាជំហានៗ ហើយស្នើសុំការសម្រេច និងទទួលអនុសាសន៍ណែនាំពីសម្ដេចមហាបវរធិបតីជាប្រចាំ។ ព្រមទាំងបានសុំអនុសាសន៍ពីឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ជាប្រចាំ និងសុំបទពិសោធពីឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន NOCC ដែលតែងទាក់ទង និងផ្ដល់អនុសាសន៍ណែនាំជាប្រចាំ»។
លោកបន្ដទៀតថា «យើងបានបង្ហាញពិភពលោកថា យើងមិនអាចចូលរួមប្រកួតបានទេ កីឡាករ-កីឡាការិនី ទៅដល់ហើយ តែមិនអាចប្រកួតបាន ទោះបីម្ចាស់ផ្ទះនៃកីឡា គេទទួលរៀបចំបានល្អតាមប្រត្រកូលកីឡា ប៉ុន្ដែម្ចាស់ដែនដី និងរដ្ឋអំណាច នៃម្ចាស់ប្រទេស បានលបមកវៃផ្ទះ គេដុតផ្ទះយើង អ៊ីចឹងឲ្យយើងនៅកើតទេ? នេះជាចំណុចមួយសួរថា ម៉េចមិនគិតមុន? គិតមុនរួចហើយ បើសិនជាមានសង្គ្រាម យើងត្រូវតែត្រឡប់មកវិញ។ យើងគិតមុនហើយ ហើយគ្រប់ដំណាក់កាលមួយៗ សុទ្ធតែបានណែនាំផ្ទាល់ពីសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ជាមួយការគូសវៀសហើយស្រាប់ ជាយុទ្ធសាស្ដ្រ យុទ្ធវិធីហើយស្រាប់។ នេះគឺជាចំណុចមួយសំខាន់ ដែលយើងចូលរួម»។
ក្រឡេកមកកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាវិញ លោកក៏បានថ្លែងអំណរគុណ និងគោរពនូវទឹកចិត្តរបស់កីឡាករ-កីឡាការិនី ចំពោះការលះបង់ក្នុងការចូលរួម ក៏ដូចជាការដកខ្លួននេះផងដែរ។ លោកយល់ចំពោះការខំប្រឹងហ្វឹកហាត់ ២ឆ្នាំ ដើម្បីត្រៀមស៊ីហ្គេម តែចុងក្រោយអត់បានប្រកួត នឹងធ្វើឲ្យប៉ះពាល់ផ្លូវអារម្មណ៍ ។ ការណ៍នេះ លោកក៏បានសុំទោសកីឡាករ-កីឡាការិនីទាំងអស់ ហើយក៏បានអរគុណ ចំពោះការគោរពនូវគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលជាក់ស្ដែង ដែលអត្តពលិកកម្ពុជា មិនអាចបន្ដការប្រកួតបាន បន្ទាប់ពីមានការរំលោភបំពាន និងការឈ្លានបូរណភាពទឹកដីកម្ពុជា ដែលកំពុងមានភាពតានតឹង និងកំពុងជួបការលំបាក ក្រោយការបាញ់ប្រហារយ៉ាងកំរោលពីយោធាថៃ មកលើកងកម្លាំង និងជនស៊ីវិលកម្ពុជា។
គួរដឹងដែរថា លោក វ៉ាត់ ចំរើន ប្រធានប្រតិភូកីឡាកម្ពុជា ព្រមទាំងមន្ដ្រី ២រូប បានធ្វើដំណើរមកដល់មាតុភូមិវិញហើយ ដោយសុវត្ថិភាព កាលពីល្ងាចថ្ងៃទី១១ ខែធ្នូនេះ និងជាប្រតិភូកីឡាកម្ពុជាចុងក្រោយ បន្ទាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ៧៨រូប បានធ្វើដំណើរមកដល់កម្ពុជាវិញ កាលពីរាត្រីថ្ងៃទី១០ ខែធ្នូ បន្ទាប់ពីកម្ពុជាសម្រេចដកខ្លួនពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ដោយសារការព្រួយបារម្ភពីសុវត្ថិភាព៕






