អតីត CEO ធនាគារ ANZ ប្ដឹងទាមទារប្រាក់បំណាច់ ៩ លានដុល្លារ ក្រោយធនាគារកាត់បន្ថយដោយចោទពី «រំលោភកិច្ចសន្យា»
12-12-2025 14:28
(បរទេស)៖ លោក Shayne Elliott អតីតនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន ANZ Group ដែលបានដឹកនាំធនាគារជិតមួយទសវត្សរ៍រហូតដល់ខែឧសភា ឆ្នាំ ២០២៥ បានប្ដឹងទាមទារប្រាក់បំណាច់ជាង ៩ លានដុល្លារ (ស្មើនឹង ១៣.៥ លានដុល្លារអូស្ត្រាលី)។ លោក Elliott បានចោទប្រកាន់ធនាគារថាបាន «រំលោភលើកិច្ចសន្យា» ដែលបានកំណត់លក្ខខណ្ឌនៃការចាកចេញរបស់លោក ក្រោយក្រុមប្រឹក្សាភិបាលបានកាត់បន្ថយប្រាក់លើកទឹកចិត្តរបស់លោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
ការកាត់បន្ថយប្រាក់បំណាច់នេះត្រូវបានធ្វើឡើងបន្ទាប់ពីធនាគារ ANZ ត្រូវបានពិន័យរដ្ឋប្បវេណីចំនួន ២៤០ លានដុល្លារអូស្រ្តាលី ដោយសារមាន «កំហុសធ្ងន់ធ្ងរជាប្រព័ន្ធ» រួមទាំងការធ្វើជំនួញដោយ «មិនសុចរិតនិងខុសសីលធម៌» និងការគិតថ្លៃលើគណនីរបស់អតិថិជនដែលបានស្លាប់ជាដើម។ ក្រុមប្រឹក្សាភិបាល ANZ បានអះអាងថា ការមិនផ្ដល់ប្រាក់បំណាច់ពេញលេញគឺជាចំណាត់ការ «សមរម្យ» ដោយយោងលើការទទួលខុសត្រូវរបស់លោក Elliott ក្នុងនាមជាអតីត CEO ចំពោះបញ្ហា ហានិភ័យមិនមែនហិរញ្ញវត្ថុ ទាំងនោះ។
លោក Elliott បានបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់លោកថា៖ «ធនាគារ និងខ្ញុំមានកិច្ចព្រមព្រៀងច្បាស់លាស់ និងមិនច្បាស់លាស់ទាក់ទងនឹងលក្ខខណ្ឌនៃការចាកចេញរបស់ខ្ញុំ... ការរំពឹងទុករបស់ខ្ញុំគឺថាលក្ខខណ្ឌទាំងនោះនឹងត្រូវបានគោរព»។ លោកបានបន្ថែមថា លោកនឹងស្វែងរកការជំនុំជម្រះក្តីឲ្យបានឆាប់បំផុតនៅតុលាការកំពូល New South Wales ដើម្បីប្រកាសថាធនាគារបានបំពានកិច្ចសន្យា។
ជាការឆ្លើយតបវិញ លោក Paul O’Sullivan ប្រធានក្រុមប្រឹក្សាភិបាល ANZ បានថ្លែងថា៖ «យើងមានទំនុកចិត្តលើជំហររបស់យើង ហើយយើងនឹងការពាររឿងនេះយ៉ាងខ្លាំងក្លា»។ គួរកត់សម្គាល់ថា ក្រៅពីលោក Elliott នាយកប្រតិបត្តិដទៃទៀតក៏បានបាត់បង់ប្រាក់ឈ្នួលនិងប្រាក់បំណាច់សរុបប្រហែល ៣២ លានដុល្លារអូស្រ្តាលីផងដែរ ខណៈដែលលោក Elliott នៅតែរក្សាបានប្រាក់បំណាច់លើកទឹកចិត្តរយៈពេលវែងប្រហែល ៧.៩ លានដុល្លារអូស្រ្តាលីបន្ទាប់ពីការកាត់បន្ថយ៕











