គុណតម្លៃអូឡាំពិកបណ្ដុះការយល់ដឹង និងភាពក្លាហានដល់សិស្សានុសិស្ស តាមរយៈកីឡា

12-12-2025 14:31

(ភ្នំពេញ)៖ គ្រូបង្វៀន និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានសម្ដែងក្ដីរីករាយ បន្ទាប់ពីត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) រៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ នៅសាលារបស់ខ្លួនជាថ្មី ដែលបានបណ្ដុះនូវការយល់ដឹង និងភាពក្លាហានបន្ថែមទៀត ដល់សិស្សានុសិស្ស តាមរយៈសកម្មភាពកីឡា។

យុវជន ជិន ពុទ្ធិសាល សិស្សថ្នាក់ទី៩ នៃវិទ្យាល័យខាងលើ បានលើកឡើងថា ខ្លួនបានយល់ដឹងពីគុណតម្លៃនៃកីឡាកាន់តែខ្លាំងជាងមុន ក្រោយបានចូលរួមវគ្គអប់រំគុណតម្លៃអូឡាំពិក និងប្រវត្តិចលនាអូឡាំពិក ដែលមានការចែករំលែកពីមន្ដ្រីជំនាញ NOCC ដ្បិតវគ្គនេះ មានសិស្សានុសិស្សរហូតដល់ជាង ២០០នាក់ចូលរួម។

ពុទ្ធិសាល បន្ដថា ការយល់ដឹងពីគុណតម្លៃនៃកីឡាធ្វើឱ្យគេមានភាពក្លាហានក្នុងការប្រកួតប្រជែងមិនបោះបង់ ហើយវាក៏អាចត្រូវបានប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃបានផងដែរ ពោលគឺឲ្យមនុស្សគ្រប់រូបចេះប្រឹងប្រែងតស៊ូ មិនចុះចាញ់។ ជាក់ស្ដែងរូបខ្លួនផ្ទាល់ និងមិត្តរួមថ្នាក់ឯទៀតបានសហការសាមគ្គីគ្នាបានល្អ និងទទួលបានជ័យជម្នះក្នុងវគ្គលេងកីឡាទាញព្រ័ត្រជាមួយគ្នា កំឡុងអនុវត្តសកម្មភាពកីឡាក្នុងកម្មវិធីនេះជាដើម។

តាមរយៈគុណតម្លៃអូឡាំពិក និងអត្ថប្រយោជន៍នៃកីឡាទាំងអស់នេះ យុវជន ជិន ពុទ្ធិសាល បានលើកទឹកចិត្តដល់មហាជន ជាពិសេសយុវជនដូចគ្នាត្រូវឆ្លៀតលេងកីឡាយ៉ាងតិចមួយមុខដើម្បីទទួលបានសុខភាពល្អ។ ទន្ទឹមនឹងនេះ គេក៏ផ្ដាំផ្ញើដល់យុវជនដូចគ្នាប្រឹងប្រែងរៀនសូត្រ និងលេងកីឡាពេលទំនេរ មិនត្រូវយកពេលទៅធ្វើអ្វីដែលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមជាតិឡើយ។

ទន្ទឹមជាមួយគ្នា លោក ឆែម អាន គ្រូកីឡាប្រចាំវិទ្យាល័យព្រះស៊ីសុវត្ថិ ក៏បានលើកទឹកចិត្តដល់សិស្សានុសិស្សខ្លួនឆ្លៀតពេលលេងកីឡាឱ្យបានច្រើន ដើម្បីចៀសពីការចំណាយពេលទៅលើសកម្មភាពមិនល្អ។ លោកថា ការលេងកីឡាអាចផ្ដល់សុខភាពល្អដល់សិស្សានុសិស្ស ហើយអាចជ្រើសរើសបានធនធានល្អៗប្រកួតតទល់សាលាផ្សេងថែមទៀត៕