Reddit ប្ដឹងរដ្ឋាភិបាលអូស្ត្រាលីដល់តុលាការជាន់ខ្ពស់ ជំទាស់ច្បាប់ហាមក្មេងវ័យជំទង់អាយុក្រោម ១៦ ឆ្នាំពីការលេងបណ្ដាញសង្គម
12-12-2025 15:51
(បរទេស)៖ Reddit ដែលជាវេទិកាទំនាក់ទំនងសហគមន៍ដ៏មានឥទ្ធិពលមួយ បានដាក់បណ្តឹងផ្លូវច្បាប់ទៅកាន់តុលាការជាន់ខ្ពស់អូស្ត្រាលី ដើម្បីជំទាស់ច្បាប់ថ្មីដែលហាមឃាត់ក្មេងវ័យជំទង់អាយុក្រោម ១៦ ឆ្នាំមិនឱ្យប្រើប្រាស់បណ្តាញសង្គម។ ច្បាប់ដែលតម្រូវឱ្យវេទិកាធំៗដូចជា YouTube, TikTok, Instagram និង Reddit ត្រូវអនុវត្តការផ្ទៀងផ្ទាត់អាយុយ៉ាងតឹងរ៉ឹងនេះ ត្រូវបានក្រុមហ៊ុន Reddit ចាត់ទុកថាជាការរឹតត្បិតខ្លាំងពេក។ ក្នុងពាក្យបណ្ដឹង ក្រុមហ៊ុនបានលើកឡើងថា ច្បាប់នេះគឺ «មិនត្រឹមត្រូវដោយផ្អែកលើសេរីភាពបញ្ចេញមតិនយោបាយដែលត្រូវបានបង្កប់ន័យ» ដោយវារារាំងដល់ការពិភាក្សានយោបាយតាមអនឡាញ។ នេះបើយោងតាមការចេញផ្សាយដោយ CNBC នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥។
នៅក្នុងសេចក្ដីថ្លែងការណ៍ Reddit បានពន្យល់ថា ខ្លួនយល់ស្របនឹងគោលបំណងការពារអនីតិជន ប៉ុន្តែការហាមឃាត់នេះអាចធ្វើឱ្យក្មេងវ័យជំទង់ត្រូវបាន «ផ្តាច់ចេញពីលទ្ធភាពក្នុងការចូលរួមក្នុងបទពិសោធន៍សហគមន៍ដែលសមរម្យតាមអាយុ (រួមទាំងការពិភាក្សានយោបាយ)»។ វេទិកានេះក៏បានបន្ថែមថា៖ «ទស្សនៈនយោបាយរបស់កុមារអាចជះឥទ្ធិពលដល់ជម្រើសបោះឆ្នោតរបស់អ្នកបោះឆ្នោតបច្ចុប្បន្នជាច្រើន រួមទាំងឪពុកម្តាយ និងគ្រូបង្រៀនរបស់ពួកគេ»។ លើសពីនេះ Reddit បានអះអាងថា ខ្លួនខុសពីបណ្តាញសង្គមដទៃ ដោយសារវាជាវេទិកាចែករំលែកចំណេះដឹងសម្រាប់មនុស្សពេញវ័យ មិនមែនជាកន្លែងបង្កើតមិត្ត ឬបង្ហោះរូបថតផ្ទាល់ខ្លួននោះទេ។
គួរឱ្យចាប់អារម្មណ៍ Reddit ក៏បានជំទាស់ថា ការអនុញ្ញាតឱ្យក្មេងជំទង់អាយុក្រោម ១៦ ឆ្នាំមានគណនីអាចផ្តល់ការការពារល្អជាងការហាមឃាត់ ព្រោះគណនីអាចត្រូវបានកំណត់ដើម្បីរារាំងមាតិកាគ្រោះថ្នាក់។ ក្រុមហ៊ុនបានបញ្ជាក់យ៉ាងច្បាស់ថា បណ្តឹងនេះមិនមែនជាការប៉ុនប៉ងគេចវេះពីច្បាប់សម្រាប់ផលប្រយោជន៍អាជីវកម្មទេ ប៉ុន្តែវាដោយសារតែមានដំណោះស្រាយប្រសើរជាងមុន៖ «មានវិធានការដែលមានគោលដៅច្បាស់លាស់ និងរក្សាភាពឯកជនច្រើនជាងនេះដើម្បីការពារយុវជនតាមអនឡាញ ដោយមិនចាំបាច់ងាកទៅរកការហាមឃាត់ជាទូទៅនោះទេ»៕








