ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យទន្តសាស្ត្រ «រំចង់» រួមគ្នាបរិច្ចាគឈាមដើម្បីជួយសង្គ្រោះជីវិតវីវកងទ័ពកម្ពុជា និងប្រជាជនភៀសសឹក
12-12-2025 16:15
(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ «រំចង់» តែងតែស្ម័គ្រចិត្តរួមគ្នាបរិច្ចាគឈាមជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីរួមចំណែកផ្គត់ផ្គង់តម្រូវការឈាមជាចាំបាច់ ក្នុងការជួយសង្រ្គោះជនរងគ្រោះ និងអ្នកជំងឺ ក្នុងការព្យាបាលអោយបានទាន់ពេលវេលា។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ «រំចង់» ចំនួន ៧០នាក់ បានរួមគ្នាស្ម័គ្រចិត្តបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមរាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះដល់វីវកងទ័ពជួរមុខ ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ពីសត្រូវសៀមឈ្លានពាន និងប្រជាជនភាសសឹកដែលត្រូវការឈាមជាចាំបាច់។
ទន្ទឹមនឹងនោះ គណៈគ្រប់គ្រង និងបុគ្គលិករបស់មន្ទីរពេទ្យទន្តសាស្ត្រ «រំចង់» សូមអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ ឱ្យចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ អ្នកជំងឺគ្រប់វ័យ ជាពិសេសវីវកងទ័ពកម្ពុជាយើង និងប្រជាជនភៀសសឹកដែលត្រូវការឈាមជាចាំបាច់។
ក្នុងឱកាសគម្រប់ខួប ៣០ឆ្នាំ របស់មន្ទីរពេទ្យទន្តសាស្រ្ត «រំចង់» គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណដល់អតិថិជនជាតិ និងអន្តរជាតិដែលជានិច្ចកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស «រំចង់» ជាពេទ្យធ្មេញប្រចាំគ្រួសាររបស់លោកអ្នកជារៀងរហូតមក៕












