ទ្រព្យសម្បត្តិ Google នៅបារាំងខ្ទង់ ១២៩លានដុល្លារ ប្រឈមនឹងការបង្កក ក្រោយសង្ស័យថាបែងចែកប្រាក់ចំណេញខុសច្បាប់

13-12-2025 09:17

(បរទេស)៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន Google កំពុងប្រឈមមុខនឹងការបង្កកទ្រព្យសម្បត្តិជាបណ្ដោះអាសន្ន ប្រហែល ១១០លានអឺរ៉ូ (ប្រហែល ១២៩លានដុល្លារអាមេរិក) នៅប្រទេសបារាំង បន្ទាប់ពីមានសេចក្តីសម្រេចពីតុលាការនៅប្រទេសរុស្ស៊ី។ នេះបើយោងតាមឯកសារផ្លូវការមួយ។

ការបង្កកទ្រព្យសម្បត្តិនេះ ត្រូវបានអនុវត្តដោយមន្រ្តីអនុវត្តច្បាប់បារាំង (bailiff) តាមសំណើរបស់អ្នកគ្រប់គ្រងផ្នែកអាជីវកម្មរបស់ Google Russia ដែលបានដាក់ពាក្យក្ស័យធននៅឆ្នាំ២០២២។ ទ្រព្យសម្បត្តិដែលត្រូវបានបង្កក រួមមានភាគហ៊ុនរបស់ Google International នៅក្នុងអង្គភាពរបស់ Google នៅប្រទេសបារាំង។ តុលាការរុស្ស៊ីបានសម្រេចថា Google Russia បានធ្វើការបែងចែកប្រាក់ចំណេញខុសច្បាប់ នៅឆ្នាំ ២០២១ មានតម្លៃប្រហែលប្រមាណ ១២៦លានដុល្លារ។ សេចក្តីសម្រេចនេះ បានផ្តល់មូលដ្ឋានច្បាប់ឲ្យអ្នកគ្រប់គ្រងករណីក្ស័យធន ដាក់ពាក្យស្នើសុំអនុវត្តសាលក្រមនៅក្រៅប្រទេសរុស្ស៊ី។

តាមច្បាប់បារាំង ការបង្កកទ្រព្យសម្បត្តិនេះ គឺជាវិធានការបណ្ដោះអាសន្ន។ អ្នកដាក់ពាក្យត្រូវដាក់សំណុំរឿងទៅតុលាការបារាំង ដើម្បីស្នើសុំទទួលស្គាល់ និងអនុវត្តសាលក្រមរុស្ស៊ីក្នុងរយៈពេលមួយខែ បើមិនដូច្នោះទេ ការបង្កកអាចត្រូវបានលុបចោល។ ដំណើរការកាត់សេចក្តីអាចចំណាយពេលរហូតដល់ ១៨ខែ។

Google មានសិទ្ធិស្របច្បាប់ក្នុងការជំទាស់ចំពោះការបង្កកទ្រព្យសម្បត្តិនេះ នៅមុខតុលាការបារាំង។ មកទល់ពេលនេះ Google និងអាជ្ញាធរបារាំង មិនទាន់ឆ្លើយតបជាសាធារណៈចំពោះសំណើសុំមតិរបស់សារព័ត៌មាននៅឡើយទេ។ ករណីនេះត្រូវបានចាត់ទុកថា ជាករណីកម្រមួយ ដែលអាជ្ញាធររុស្ស៊ីព្យាយាមអនុវត្តសាលក្រមរបស់ខ្លួនលើក្រុមហ៊ុនបច្ចេកវិទ្យាធំមួយនៅក្រៅប្រទេស តាមរយៈប្រព័ន្ធច្បាប់អន្តរជាតិ៕