លោក ដូណាល់ ត្រាំ បានផ្ដល់កិត្តិយសដល់អតីតម្ចាស់មេដាយមាសហុកគីលើទឹកកក ធ្លាប់យកឈ្នះអតីតសហភាពសូវៀតអំឡុងអូឡាំពិករដូវរងាឆ្នាំ១៩៨០

13-12-2025 10:22

(អាមេរិក)៖ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១២ ខែធ្នូនេះ បានផ្ដល់កិត្តិយសដល់អតីតសមាជិកក្រុមហុកគីលើទឹកកកបុរសអាមេរិក ជាម្ចាស់មេដាយមាស ដែលធ្លាប់បានយកឈ្នះគូប្រជែងអតីតសហភាពសូវៀត នៅអំឡុងកីឡាអូឡាំពិករដូវរងាឆ្នាំ១៩៨០ នៅតំបន់ភូមិ Lake Placid នៃទីក្រុងញូវយ៉ក។

លោក ត្រាំ បានទទួលស្វាគមន៍អតីតកីឡាករនៅការិយាល័យ Oval Office និងបានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ ដើម្បីផ្ដល់មេដាយសភាជាកិត្តិយសដល់ក្រុមផងដែរ ស្ថិតក្នុងការជួបជុំនោះ ឃើញថា កីឡាករទាំងអស់សុទ្ធតែពាក់មួកខូវប៊យពណ៌ស ខណៈដែលអតីតក្រុមនេះធ្លាប់បានពាក់មួកទាំងនោះ នៅក្នុងពិធីបើកកីឡាអូឡាំពិករដូវរងាឆ្នាំ១៩៨០ ផងដែរ ។

លោក Trump បាននិយាយថា «នេះគឺជាពេលវេលាដ៏អស្ចារ្យបំផុតមួយដែលខ្ញុំធ្លាប់បានឃើញក្នុងវិស័យកីឡា... ទាំងអស់នេះ គឺជាបុរសដែលបានផ្តល់ឱ្យយើងនូវជ័យជម្នះកីឡាដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយគ្រប់ពេលវេលា»

ស្ថិតក្នុងជំនួបនេះ សមាជិក ១៣នាក់នៃក្រុមដែលឈ្នះមេដាយមាសអូឡាំពិករដូវរងាឆ្នាំ១៩៨០ រួមមានប្រធានក្រុម Mike Eruzione អ្នកចាំទី Jim Craig និងខ្សែប្រយុទ្ធ Buzz Schneider កូនប្រុសរបស់គ្រូបង្វឹកដែលបានទទួលមរណភាព Herb Brooks ក៏បានចូលរួមផងដែរ ។

សូមជម្រាបផងថា សហរដ្ឋអាមេរិក បានយកឈ្នះក្រុមសូវៀត ៤-៣ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នឹងឈានទៅឈ្នះមេដាយមាសលើក្រុមហ្វាំងឡង់ ខណៈការប្រកួតនេះបានទាក់ទាញចំណាប់អារម្មណ៍ប្រជាជនអាមេរិកជាខ្លាំង ក្នុងអំឡុងពេលភាពតានតឹងដ៏ជូរចត់នៃសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត ។

សូមបញ្ជាក់ផងថា សហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិករដូវក្តៅនៅឆ្នាំ២០២៨ ដែលជាលើកទី៥ បានរៀបចំនៅទឹកដីអាមេរិក ខណៈអូឡាំពិករដូវរងាធ្លាប់រៀបចំបាន ៥លើករួចមកហើយ ក៏នឹងមានសិទ្ធរៀបចំនៅឆ្នាំ២០៣៤ ដែលគ្រោងធ្វើឡើងនៅរដ្ឋ Utah ៕