FIFA បង្ហាញថា ក្នុងរយៈពេល ២៤ម៉ោង ទទួលបានសំណើសុំទិញសំបុត្រចំនួន ៥លានសន្លឹក សម្រាប់ World Cup 2026
13-12-2025 10:32
(ស្វីស)៖ ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក FIFA បានឱ្យដឹងកាលពីថ្ងៃសុក្រថា គឺបានទទួលសំណើសុំទិញសំបុត្រចំនួន ៥លានសន្លឹកសម្រាប់ព្រឹត្តិការណ៍ World Cup 2026 ក្នុងរយៈពេល ២៤ម៉ោងដំបូងនៃដំណាក់កាលលក់ចុងក្រោយ បើទោះបីជាមានការតវ៉ាពីក្រុមអ្នកគាំទ្រនៅសប្តាហ៍នេះអំពីតម្លៃសំបុត្រខ្ពស់សម្រាប់ការប្រកួតក៏ដោយ។
សូមជម្រាបផងថា អ្នកគាំទ្រជាច្រើនបានដាក់ពាក្យតាមរយៈ FIFA.com សម្រាប់ការកក់កៅអីនៅក្នុងព្រឹត្តិការណ៍ World Cup ដែលលេងក្នុងទម្រង់ថ្មី ៤៨ក្រុមដំបូងនេះ ដែលនឹងត្រូវបានរៀបចំឡើងរវាងសហម្ចាស់ផ្ទះសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ។
ហើយថ្មីៗនេះ ក្រុមអ្នកគាំទ្របាល់ទាត់អឺរ៉ុប (FSE) បានអំពាវនាវឱ្យ FIFA បញ្ឈប់ការលក់ការបែងចែកសំបុត្រសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិជាបន្ទាន់ ដោយចោទប្រកាន់ចំពោះស្ថាប័នគ្រប់គ្រងថាបានកំណត់តម្លៃសំបុត្រខ្ពស់ហួសហេតុពេក ដែលអាចធ្វើឱ្យអ្នកគាំទ្រធម្មតាមិនអាចចូលរួមការប្រកួតបាន។
យោងតាម FSE តម្លៃសំបុត្របានកើនឡើង ៥ដងពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា ។ FIFA បានសង្កត់ធ្ងន់ថាអ្នកគាំទ្រអាចជ្រើសរើសការប្រកួតជាក់លាក់ ទៅតាមប្រភេទសំបុត្រ ហើយនឹងត្រូវបានគិតប្រាក់ដោយស្វ័យប្រវត្តិប្រសិនបើការដាក់ពាក្យទិញរបស់ពួកគេទទួលបានជោគជ័យ ៕



