ប៉ាគីស្ថាន អនុញ្ញាតឲ្យ Binance សិក្សាពីការបម្លែងទ្រព្យសម្បត្តិរហូតដល់ ២ពាន់លានដុល្លារ ទៅជាទ្រព្យសម្បត្តិឌីជីថល

13-12-2025 11:25

(បរទេស)៖ រដ្ឋាភិបាលប៉ាគីស្ថាន បានអនុញ្ញាតឲ្យ Binance ដែលជាក្រុមហ៊ុនបម្រើសេវាកម្មទិញ ដូររូបិប័ណ្ណឌីជីថល (crytocurency) តាមទម្រង់ blockchain ដ៏ឈានមុខគេមួយនៅលើពិភពលោក សិក្សាអំពីការបម្លែងទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិពាក់ព័ន្ធផ្សេងៗ ទៅជា ថូខិនឌីជីថល (tokenisation) ឬហៅម្យ៉ាងទៀតថា សម្បត្តិឌីជីថល ដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារអាមេរិក។

ការអនុញ្ញាតនេះ បានកើតឡើងបន្ទាប់ពីក្រសួងហិរញ្ញវត្ថុប៉ាគីស្ថាន និង Binance ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីសិក្សាពីសក្តានុពលនៃការប្រើបច្ចេកវិទ្យា Blockchain ក្នុងការបម្លែងទ្រព្យសម្បត្តិពិតប្រាកដ ឲ្យក្លាយជាទ្រព្យសម្បត្តិឌីជីថល។ ទ្រព្យសម្បត្តិដែលអាចត្រូវបានសិក្សាសម្រាប់ការបម្លែងទៅជាថូខិន រួមមាន បណ្ណបំណុលរដ្ឋ, បណ្ណសាររដ្ឋ (Treasury Bills) និងទ្រព្យសម្បត្តិធនធានផ្សេងៗ ដូចជា ប្រេង ឧស្ម័ន និងវត្ថុធាតុដើម។ រដ្ឋាភិបាលប៉ាគីស្ថានជឿថា ការបម្លែងទ្រព្យសម្បត្តិទាំងនេះ ទៅជាទ្រព្យសម្បត្តិឌីជីថល អាចជួយបង្កើន ភាពរលូននៃទីផ្សារ, ភាពថ្លៃថ្នូរ និងតម្លាភាព, ព្រមទាំងទាក់ទាញវិនិយោគិនអន្តរជាតិ។

អាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិឌីជីថលរបស់ប៉ាគីស្ថាន បានបញ្ជាក់ថា Binance ទទួលបានការអនុញ្ញាតជំហានដំបូង ក្នុងការចាប់ផ្តើមសកម្មភាពសិក្សា និងរៀបចំប្រព័ន្ធ ស្របតាមបទប្បញ្ញត្តិប្រឆាំងការលាងលុយ និងច្បាប់ហិរញ្ញវត្ថុជាតិ។ មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថានបានថ្លែងថា គម្រោងនេះជាផ្នែកមួយនៃយុទ្ធសាស្ត្រធំរបស់ប្រទេស ក្នុងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុឌីជីថល និងបង្កើតប្រព័ន្ធគ្រប់គ្រងរូបិប័ណ្ណ ដែលមានសុវត្ថិភាព និងការត្រួតពិនិត្យត្រឹមត្រូវ។

អ្នកវិភាគមើលឃើញថា ប្រសិនបើគម្រោងនេះជោគជ័យ វាអាចធ្វើឲ្យប៉ាគីស្ថានក្លាយជាមជ្ឈមណ្ឌលថ្មីមួយ សម្រាប់បច្ចេកវិទ្យា Blockchain និងទ្រព្យសម្បត្តិឌីជីថលនៅតំបន់អាស៊ីខាងត្បូង៕