Huawei បំពាក់បន្ទះឈីប Kirin 9030 ដែលផលិតក្នុងស្រុកលើ Mate 80 ជំនាន់ថ្មី
13-12-2025 11:36
(បរទេស)៖ ក្រុមហ៊ុនផលិតទូរស័ព្ទយក្សរបស់ចិន Huawei Technologies បានបោះជំហានដ៏ធំមួយទៀតនៅក្នុងសមត្ថភាពផលិតបន្ទះឈីបរបស់ខ្លួន ដោយបានបំពាក់បន្ទះឈីប Kirin 9030 ដែលផលិតក្នុងស្រុក លើទូរស័ព្ទស៊េរីកំពូលជំនាន់ចុងក្រោយរបស់ខ្លួនគឺ Mate 80។ នេះបើយោងតាមរបាយការណ៍ថ្មីមួយពីក្រុមហ៊ុនស្រាវជ្រាវកាណាដា TechInsights នឹងត្រូវបានចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
របាយការណ៍របស់ TechInsights បានបញ្ជាក់ថា បន្ទះឈីប Kirin 9030 នេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតឈីបកំពូលរបស់ចិនគឺ SMIC ដោយប្រើប្រាស់បច្ចេកវិទ្យា ៧ ណាណូម៉ែត្រ (7nm) ដែលត្រូវបានកែលម្អពីជំនាន់មុន។ នេះជាសញ្ញាបង្ហាញពីវឌ្ឍនភាពបច្ចេកវិទ្យាគួរឱ្យកត់សម្គាល់របស់ប្រទេសចិន ចំពេលមានការរឹតបន្តឹងពាណិជ្ជកម្មពីបរទេស។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនស្រាវជ្រាវដដែលនេះបានគូសបញ្ជាក់ពីការពិតដែលថា បច្ចេកវិទ្យាថ្មីរបស់ចិននៅតែមានគម្លាតពីក្រុមហ៊ុនឈានមុខគេលើពិភពលោក។ របាយការណ៍បានលើកឡើងថា៖ «ទោះបីជាមានការកែលម្អក៏ដោយ ក៏បច្ចេកវិទ្យានេះនៅតែមានកម្រិតទាបជាង និងមិនទាន់ទំនើបដូចបច្ចេកវិទ្យា ៥ ណាណូម៉ែត្រ ដែលក្រុមហ៊ុនយក្សដូចជា TSMC (តៃវ៉ាន់) និង Samsung (កូរ៉េខាងត្បូង) កំពុងប្រើប្រាស់នោះទេ»។ ដូច្នេះ គុណភាព និងប្រសិទ្ធភាពនៃឈីបចិននៅតែតាមពីក្រោយដៃគូប្រកួតប្រជែងអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ទាំងក្រុមហ៊ុន Huawei និង SMIC មិនបានធ្វើការអត្ថាធិប្បាយភ្លាមៗជុំវិញការរកឃើញនេះទេ។ លើសពីនេះ ក្រុមហ៊ុន TechInsights ដែលតែងតែចេញផ្សាយរបាយការណ៍អំពីវឌ្ឍនភាពឈីបរបស់ចិន ត្រូវបានរដ្ឋាភិបាលចិនបញ្ចូលទៅក្នុងបញ្ជីអង្គភាពដែលមិនគួរទុកចិត្តកាលពីខែតុលាកន្លងទៅ៕












