Salah មានឈ្មោះលេងវិញ ពេល Liverpool ប៉ះ Brighton រាត្រីនេះ ក្រោយពិភាក្សាជាមួយគ្រូបង្វឹក
13-12-2025 11:41
(បរទេស)៖ ខ្សែប្រយុទ្ធ Mohamed Salah មានឈ្មោះលេងឡើងវិញ នៅពេលហង្សក្រហម Liverpool ស្វាគមន៍ Brighton & Hove Albion រាត្រីនេះ ក្រោយជួបពិភាក្សាជាមួយអ្នកចាត់ការទូទៅ លោក Arne Slot ប្រកបដោយភាពវិជ្ជមានរួចមក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ការសម្រេចនេះត្រូវបានគេយល់ឃើញថា លោក Slot ចង់ទាញចំណាប់អារម្មណ៍ក្នុងក្លឹបផង ស្របពេលកីឡាករភាគច្រើនបានកំពុងជួបបញ្ហារបួសផង។
ទោះជាបែបនេះក្តី ក៏បញ្ហារវាងកីឡាករ និងគ្រូបង្វឹកនៅមិនទាន់ដោះស្រាយនៅឡើយ ដោយនៅតែបន្តប៉ះពាល់ទម្រង់លេងរបស់ហង្សក្រហម ដ្បិតប្រធានក្រុមអេហ្ស៊ីប វ័យ ៣៣ឆ្នាំ Salah ក៏ត្រៀមចាកចេញពី Anfiled ទៅលេងឱ្យជម្រើស ជាតិនៅកម្មវិធី Africa Cup of Nations ផងនោះ។
គួររំលឹកផងថា Mohamed Salah ដែលរកបានគ្រាប់ទី២៥០ សម្រាប់ក្លឹបអង់គ្លេស Liverpool កាលពីអំឡុងជ័យជម្នះ ២-០ ទៅលើគូប្រជែង Aston Villa កាលដើមខែវិច្ឆិកា ឆ្នាំ២០២៥ បានអង្គុយនៅកៅអីបម្រុង ៣ប្រកួតជាប់ៗគ្នា និងមិនបានរួមដំណើរជាមួយហង្សក្រហមទៅប្រទេសអ៉ីតាលី ដែលបានយកឈ្នះម្ចាស់ផ្ទះ Inter Milan នៅ UEFA Champions League កាលពីរាត្រីថ្ងៃអង្គារទៀតផង៕



