Google Translate ជំនាន់ថ្មី បំពាក់ដោយ Gemini អាចបកប្រែផ្ទាល់ចូលកាស រក្សាសម្លេងដើម
13-12-2025 14:27
(បរទេស)៖ Google បានប្រកាសពីការកែប្រែដ៏ធំសម្បើមចំពោះកម្មវិធី Google Translate ដោយបានបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដ៏ខ្លាំងក្លាគឺ Gemini ចូលទៅក្នុងប្រព័ន្ធបកប្រែទាំងស្រុង។ គោលបំណងគឺដើម្បីបង្កើនភាពត្រឹមត្រូវនៃការបកប្រែឱ្យដល់កម្រិតកំពូល ជាពិសេសសម្រាប់ឃ្លាដែលមានន័យលម្អិតដូចជាពាក្យស្លោក (slang) ឬកន្សោមភាសា។ Google បានអះអាងថា នេះគឺជា «គុណភាពបកប្រែដែលឈានដល់កម្រិតកំពូល» ដែលមិនធ្លាប់មានពីមុនមក។ មុខងារថ្មីនេះមានផ្តល់ជូននៅក្នុង Google Search និងកម្មវិធី Translate លើ iOS និង Android ដោយចាប់ផ្តើមដាក់ឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិក និងឥណ្ឌា សម្រាប់ការបកប្រែរវាងភាសាអង់គ្លេស និងជិត ២០ ភាសា។
យោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ចំណុចពិសេសដែលទាក់ទាញខ្លាំងជាងគេគឺ មុខងារសាកល្បង (Beta) ថ្មី ឈ្មោះថា «Live Translate»។ មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្តាប់ការបកប្រែផ្ទាល់ភ្លាមៗក្នុងពេលកំពុងនិយាយ តាមរយៈកាសរបស់អ្នក។ អ្វីដែលកាន់តែអស្ចារ្យនោះគឺ Live Translate អាចរក្សាបាននូវ សម្លេង ការសង្កត់ធ្ងន់ និងចង្វាក់នៃការនិយាយ របស់វាគ្មិនម្នាក់ៗ ដើម្បីធ្វើឱ្យការបកប្រែស្តាប់ទៅកាន់តែមានលក្ខណៈធម្មជាតិ និងងាយស្រួលតាមដានដូចការសន្ទនាធម្មតា។ បច្ចុប្បន្ន មុខងារនេះកំពុងដាក់ឱ្យប្រើប្រាស់នៅលើកម្មវិធី Translate លើប្រព័ន្ធ Android ក្នុងសហរដ្ឋអាមេរិក ម៉ិកស៊ិក និងឥណ្ឌា ដោយគាំទ្រជាង ៧០ ភាសា ហើយនឹងពង្រីកទៅកាន់ iOS នៅឆ្នាំ ២០២៦។
លើសពីការបកប្រែ Google ក៏បានកែលម្អ ឧបករណ៍រៀនភាសា (language learning tools) នៅក្នុង Translate ផងដែរ។ ឥឡូវនេះ អ្នកប្រើប្រាស់នឹងទទួលបាន មតិកែលម្អ (feedback) ល្អប្រសើរ ផ្អែកលើការអនុវត្តការនិយាយរបស់ពួកគេ ព្រមទាំងអាចតាមដានវឌ្ឍនភាពដើម្បីសម្រេចគោលដៅសិក្សាប្រចាំថ្ងៃបានទៀតផង។ ឧបករណ៍សិក្សាទាំងនេះកំពុងពង្រីកខ្លួនទៅកាន់ជិត ២០ ប្រទេស និងដែនដីថ្មីទៀត រួមមាន អាល្លឺម៉ង់ ឥណ្ឌា ស៊ុយអែត និងតៃវ៉ាន់៕










