PSG ឡើងឈរទីកំពូល Ligue 1 វិញ នៅពេលឈ្នះក្រុមបាតតារាង Metz ៣-២ ក្នុងសប្តាហ៍ទី១៦
14-12-2025 09:54
(ប៉ារីស)៖ Paris Saint Germain ម្ចាស់ការពារតំណែងជើងឯក Ligue 1 បានវិលទៅគ្រប់គ្រងតំណែងកំពូលតារាងលីគកំពូលបារាំងជាថ្មី តាមរយៈយកឈ្នះម្ចាស់ផ្ទះ Metz ៣-២ យប់មិញនេះនៅចុងបញ្ចប់ជើងទី១។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
ក្នុងជំនួបនោះដែរ កីឡាករ Goncalo Ramos និង Quentin Ndjantou រកបានម្នាក់ ១គ្រាប់ ដើម្បីជួយក្រុមរបស់លោក Luis Enrique នាំមុខ ២គ្រាប់មុន មុនពេលខ្សែបម្រើ Jessy Deminguet របស់ Metz វាយបកបាន ១គ្រាប់វិញ នៅមុនពេលបញ្ចប់វគ្គទី១។
កីឡាករបម្រុង Desire Doue ដែលបានអវត្តមានពី Ligue 1 អស់ ៩ប្រកួតដោយសាររបួសក្រលៀន និងសរសៃពួរផងនោះ ជាអ្នករកបានគ្រាប់ទី៣ និង Giorgi Tsitaishvili បន្តធ្វើបានគ្រាប់ទី២ ទៀតសម្រាប់ក្រុមស្ថិតនៅចំណាត់ថ្នាក់ទី១៨ បាតតារាងនាពេលនេះ នៅនាទី៨១ និងបន្តរហូតដល់ចប់ការប្រកួតពេញម៉ោងតែម្តង។
អ្នកចាត់ការទូទៅ PSG លោក Luis Enrique បានបាត់បង់កីឡាករសំខាន់មានដូចជា Ousmane Dembele, Achraf Hakimi និង Marquinhos ដោយសាររបួស ដោយជំនួសមកវិញដោយកីឡាករយុវជន Ibrahim Mbaye វ័យទើបតែ ១៧ឆ្នាំ និង Ndjantou វ័យ ១៨ឆ្នាំ ជាមួយនឹងការបង្ហាញទម្រង់លេងដ៏ល្អផងដែរ។
ឆ្លងតាមជ័យជម្នះលើកទី១១ នាំឱ្យ PSG រកបាន ៣៦ពិន្ទុ នាំមុខក្រុមលេខ២ Lens មាន ៣៤ពិន្ទុ ដ្បិតពួកគេនៅសល់ ១ប្រកួតក្នុងដៃ ស្របពេល Metz បន្តលិចលង់ក្នុងតំណែងលេខ១៨ និងមានតែ ១១ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីលេងបាន ១៦ប្រកួតដូចគ្នា៕



