Palmer ស៊ុត ១គ្រាប់ទៅលើ Everton បិទបញ្ចប់កំណត់ត្រាលេង ៤ប្រកួតមិនឈ្នះរបស់ Chelsea

14-12-2025 10:20

(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Cole Palmer រកបាន ១គ្រាប់គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ ក្នុងជ័យជម្នះ ២ទល់នឹង០ របស់តោខៀវ Chelsea ទៅលើក្រុមភ្ញៀវស្ករគ្រាប់ Everton នៅ Premier League យប់មិញ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះមានន័យថា ក្រុមរបស់លោក Enzo Maresca សញ្ជាតិអ៉ីតាលី ម្ចាស់ជើងឯកពាន FIFA Club World Cup 2025 បានបញ្ចប់កំណត់ត្រាលេង ៤ប្រកួតក្នុងលីគអង់គ្លេសមិនឈ្នះសោះ គិតចាប់តាំងពីចុងខែវិច្ឆិកាមក។

កីឡាករអន្តរជាតិអង់គ្លេស វ័យ ២៣ឆ្នាំ Palmer បានលេងទាំងមានរបួសភ្លៅ ដែលធ្វើឱ្យលោកអវត្តមានជាង ២ខែ បានផ្តើមរកគ្រាប់ទី១ នៅនាទី២១ នៅពីមុខវត្តមានដោយផ្ទាល់លោក Thomas Tuchel អ្នកចាត់ការទូទៅក្រុមតោកំណាចអង់គ្លេសថែមទៀតផង។

ក្នុងជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋាន Stamford Bridge នោះដែរ ខ្សែការពារស្តាំ Malo Gusto ដែលបោះឱ្យ Palmer បញ្ចប់ទីគ្រាប់ទី១ នោះ ក៏រកបាន ១គ្រាប់ផងដែរ នៅមុនពេលបញ្ចប់វគ្គទី១ ក្រោយទទួលបាល់ពី Pedro Neto នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៤ម៉ឺននាក់នៃសប្តាហ៍ទី១៦ ជើងទី១។

ចំណែកឯក្រុមភ្ញៀវ Everton វិញ ក៏មានឱកាសរកគ្រាប់បាល់ដែរក្នុង ២០នាទីដំបូង នៅពេលដែល Iliman Dniaye បានស៊ុតចំគោលដៅ ២លើក និង James Garner ធ្វើពុំបានសម្រេចនៅក្បែរទី។ ក្រុមដែលដឹកនាំដោយលោក David Moyes បន្តឈរនៅលេខរៀងទី៨ ដដែលដោយមាន ២៤ពិន្ទុ ហើយ Chelsea ឈរនៅលេខ៤ បណ្តោះអាសន្នដោយមាន ២៨ពិន្ទុ ចាញ់ប្រៀបក្រុមកំពូលតារាង Arsenal ៨ពិន្ទុ៕