សហគ្រិនខ្មែរ និងផ្សារអ៊ីអន ​បិទបញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០ បន្ទាប់បើកឱ្យផលិតករ ​បង្ហាញផលិតផលរបស់ខ្លួនរយៈពេល២សប្តាហ៍

14-12-2025 10:27

(ភ្នំពេញ)៖ សហគ្រិនខ្មែរ និងផ្សារអ៊ីអន បានបិទបញ្ចប់ ពិព័រណ៍ផលិតផលក្នុងស្រុក លើកទី១០ ដែលបានធ្វើឡើងរយៈពេលពីរសប្តាហ៍ចាប់ពីថ្ងៃទី១ ខែធ្នូ ដល់ថ្ងៃទី១៤ ខែធ្នូ នៅផ្សារអ៊ីអនទាំងបីសាខា រួមមាន អ៊ីអនភ្នំពេញ, សែនសុខ, និង មានជ័យ។

ពិព័រណ៍នេះបន្តបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនខ្មែរក្នុងការពង្រឹងទីផ្សារក្នុងស្រុក និងលើកកម្ពស់ផលិតផលកម្ពុជាឱ្យកាន់តែទូលំទូលាយ។ ពិព័រណ៍នេះបានជំរុញការផ្សព្វផ្សាយ និងការប្រើប្រាស់ផលិតផលកម្ពុជា បង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងជួយបង្កើតទំនាក់ទំនងពាណិជ្ជកម្មថ្មីៗរវាងអ្នកផលិត និងអ្នកទិញ។ ពិព័រណ៍នេះបានទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជនជាតិ និងអន្តរជាតិដែលបានចូលរួមទិញផលិតផលពីសហគ្រិនក្នុងស្រុកជាង ៧០ សហគ្រាសដែលបង្ហាញពីសក្តានុពលនៃផលិតករជាតិ ក្នុងទីផ្សារទំនើប។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួកបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា«ចាប់តាំងពីឆ្នាំ២០២០មក រាជរដ្ឋាភិបាលតាមរយៈសហគ្រិនខ្មែរ បានបន្តគាំទ្រសហគ្រាសធុនតូច និងមធ្យមជាច្រើន ដោយការផ្តល់ជំនួយបច្ចេកទេស ហិរញ្ញប្បទានឥតសំណង និងវេទិកាភ្ជាប់ជាមួយទីផ្សារ ដើម្បីជួយឱ្យសហគ្រាសអាចបម្លែងសក្តានុពលរបស់ខ្លួន ទៅជាលទ្ធផលពាណិជ្ជកម្ម។ ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០នេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការផ្តល់វេទិកាឱ្យផលិតករ អាចបង្ហាញផលិតផលរបស់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយដៃគូពាណិជ្ជកម្ម និងរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរឹងមាំ និងភាពប្រកួតប្រជែង»។​

លោក ស៊ិន ពិសី អគ្គនាយក ក្រុមហ៊ុន អ៊ីអន (ខេមបូឌា) បានមានប្រសាសន៍ថា​ «ផ្សារទំនើបអ៊ីអន មានកិត្តិយសក្នុងការបន្តកិច្ចសហការជាមួយសហគ្រិនខ្មែរ ក្នុងការផ្សព្វផ្សាយផលិតផលខ្មែរដែលមានគុណភាពខ្ពស់ ទៅកាន់អតិថិជនឲ្យបានកាន់តែ ទូលំទូលាយពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ យើងនៅតែបន្តប្តេជ្ញា ក្នុងការស្វែងរកទីផ្សារប្រកបដោយនិរន្តរភាពសម្រាប់ម្ចាស់សហគ្រាសនៅក្នុងស្រុក ដោយបញ្ចូលផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើនទៅក្នុងផ្សារទំនើបរបស់យើង ក៏ដូចជារៀបចំការតាំងលក់ផលិតផលក្នុងស្រុកឲ្យបានកាន់តែច្រើនដូចជា ការតាំងពិព័រណ៍ផលិតផលក្នុងស្រុកនេះជាដើម។ ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១០ នេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ របស់យើងក្នុងការគាំទ្រសេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើនការលក់ដល់សហគ្រាសធុនតូច និងមធ្យម។ យើងនឹងបន្តធ្វើការ យ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើង ដើម្បីពង្រឹងផលិតកម្មក្នុងស្រុក និងរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន។ ជាចុងក្រោយ ផ្សារទំនើប អ៊ីអន សូមថ្លែងអំណរគុណ ចំពោះអតិថិជនដែលតែងតែបន្តក្នុងការគាំទ្រ ផ្សារទំនើបរបស់យើងខ្ញុំ»។​

លោក គីមូរ៉ា អេអ៉ីស៊ុគេ អគ្គនាយកអធិការរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) មានប្រសាសន៍ថា«ពិព័រណ៍ក្នុងស្រុកនេះ បង្ហាញពីគោលការប្តេជ្ញារបស់ផ្សារទំនើប អ៊ីអន ម៉ល ក្នុងការគាំទ្រទំនិញផលិតក្នុងស្រុក និងបង្កើនបទពិសោធន៍ទិញទំនិញរបស់អតិថិជន តាមរយៈការផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ពីសហគ្រាសតូច និងមធ្យមក្នុងស្រុក។ យើងនឹងបន្តបង្កើតកម្មវិធីផ្សេងៗ ដើម្បីឱ្យសហគ្រាសក្នុងស្រុកអាចបង្ហាញផលិតផលរបស់ខ្លួន បានកាន់តែទូលំទូលាយ តាមរយៈពិព័រណ៍ និងសហប្រតិបត្តិការនានា នៅពេលអនាគតផងដែរ»។​

ពិព័រណ៍ឆ្នាំនេះក៏ជាសកម្មភាពសំខាន់មួយក្រោមយុទ្ធនាការប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់សហគ្រិនខ្មែរឆ្នាំ ២០២៥ ដែលបានប្រមូលផ្តុំនូវកម្មវិធីជាច្រើនដែលដំណើរការស្របគ្នា ​ពីការរៀបចំគំនិតអាជីវកម្មថ្នាក់ជាតិ ការចាប់ផ្ដើមអាជីវកម្ម និងការ ប្រកួតប្រជែង សហគ្រាសធុនតូច និងមធ្យម រហូតដល់វេទិកាពិព័រណ៍ និងពិធីប្រគល់រង្វាន់ ដែលសហគ្រិនអាចទទួលបានចំណេះដឹង បណ្តាញ និងឱកាសដែលគាំទ្រដល់កំណើន និងនិរន្តរភាពរបស់ពួកគេ។

សូមបន្តគាំទ្រផលិតផលខ្មែរជាមួយគ្នា ពង្រឹងសេដ្ឋកិច្ចជាតិ និងជំរុញសហគ្រិនក្នុងស្រុកឱ្យរីកចម្រើន!៕