អង់គ្លេស គ្រោងដាក់ឲ្យប្រើច្បាប់ថ្មី ដើម្បីគ្រប់គ្រងរូបិយប័ណ្ណគ្រីបតូ

15-12-2025 09:25

(បរទេស)៖ ក្រសួងហិរញ្ញវត្ថុនៃចក្រភពអង់គ្លេស បានប្រកាសនៅថ្ងៃចន្ទនេះថា ចក្រភពអង់គ្លេសនឹងចាប់ផ្តើមគ្រប់គ្រងទ្រព្យសកម្មគ្រីបតូ ចាប់ពីខែតុលា ឆ្នាំ២០២៧ តាមរយៈច្បាប់ថ្មី​ដែលខ្លួនសង្ឃឹមថា នឹងផ្តល់ភាពប្រាកដប្រជាដល់ឧស្សាហកម្មនេះ។ រដ្ឋាភិបាល នឹងដាក់ច្បាប់នេះ ទៅសភានៅថ្ងៃចន្ទ ហើយនឹងពង្រីកបទប្បញ្ញត្តិហិរញ្ញវត្ថុដែលមានស្រាប់ដល់ក្រុមហ៊ុនដែលពាក់ព័ន្ធនឹងគ្រីបតូ ដោយធ្វើឱ្យចក្រភពអង់គ្លេសស្របគ្នាជាមួយសហរដ្ឋអាមេរិក ជាងសហភាពអឺរ៉ុប ដែលបានបង្កើតច្បាប់ដែលត្រូវបានរៀបចំឡើងសម្រាប់ឧស្សាហកម្មនេះ។ នេះបើតាមការចេញផ្សាយដោយារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

តាមក្រសួងហិរញ្ញវត្ថុអង់គ្លេស បទប្បញ្ញត្តិថ្មីនេះ នឹងធ្វើ

ឲ្យសកម្មភាពពាក់ព័ន្ធនឹងគ្រីបតូ ដូចជាការជួញដូរ ការកាន់កាប់ទ្រព្យសម្បត្តិឌីជីថល ស្ថិតក្រោមច្បាប់ហិរញ្ញវត្ថុដូចស្ថាប័នហិរញ្ញវត្ថុបែបប្រពៃណី។ មន្ត្រីរដ្ឋាភិបាលបានបញ្ជាក់ថា អាជ្ញាធរគ្រប់គ្រងហិរញ្ញវត្ថុរួមមាន អាជ្ញាធរគ្រប់គ្រងហិរញ្ញវត្ថុ (FCA) និង ធនាគារកណ្ដាលអង់គ្លេស (Bank of England) កំពុងរៀបចំបទប្បញ្ញត្តិលម្អិត ដើម្បីគ្រប់គ្រងទីផ្សារគ្រីបតូឲ្យមានសុវត្ថិភាព និងស្របតាមស្តង់ដារអន្តរជាតិ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស បានថ្លែងថា វិធានការនេះមានគោលបំណងធ្វើឲ្យចក្រភពអង់គ្លេសក្លាយជាមជ្ឈមណ្ឌលឈានមុខក្នុងវិស័យទ្រព្យសម្បត្តិឌីជីថល ខណៈដែលនៅតែរក្សាការការពារចំពោះអ្នកវិនិយោគ និងស្ថិរភាពប្រព័ន្ធហិរញ្ញវត្ថុជាសំខាន់។

អាជ្ញាធរហិរញ្ញវត្ថុអង់គ្លេសបានព្រមានថា ការវិនិយោគលើគ្រីបតូ មានហានិភ័យខ្ពស់ ហើយអ្នកវិនិយោគអាចបាត់បង់ប្រាក់ទាំងស្រុង ប្រសិនបើមិនយល់ច្បាស់អំពីហានិភ័យ។ អ្នកវិភាគមើលឃើញថា ការកំណត់ពេលអនុវត្តនៅឆ្នាំ២០២៧ នឹងផ្តល់ពេលវេលាគ្រប់គ្រាន់ឲ្យក្រុមហ៊ុនគ្រីបតូ ត្រៀមខ្លួនគោរពបទប្បញ្ញត្តិថ្មី និងអភិវឌ្ឍអាជីវកម្មក្នុងបរិបទច្បាប់ច្បាស់លាស់៕