Kane បន្តរកបានគ្រាប់បាល់ រួមចំណែកជួយ Bayern នាំមុខកំពូលតារាង Bundesliga ដាច់ ៩ពិន្ទុ

15-12-2025 09:47

(បរទេស)៖ ខ្សែប្រយុទ្ធ Harry Kane រកបាន ១គ្រាប់តាមស្មើ ២-២ នៅពេលក្រុមខ្លារខិន Bayern Munich បញ្ចប់ក្នុងលទ្ធផលស្មើ ២-២ ទល់នឹង Mainz កាលពីរាត្រីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

១គ្រាប់វាយបកតាមស្មើ ២-២ ដើម្បីជួយសង្រ្គោះក្រុមរបស់លោក Vincent Kompany និងរក្សាប្រវត្តិលេងមិនទាន់ចាញ់ក្នុងលីគអាល្លឺម៉ង់រដូវកាលនេះ គឺធ្វើបានដោយបាល់ពិន័យប៉េណាល់ទីនៅនាទី៨៧ នៃកីឡដ្ឋាន Allianz Arena ដែលមានអ្នកទស្សនាផ្ទាល់ប្រមាណ ៧៥,០០០នាក់ឯណោះ។

នេះមានន័យថា ប្រធានក្រុមតោកំណាចអង់គ្លេសរូបនេះទាត់បញ្ចូលទីបានសម្រេចទាំង ២០គ្រាប់តែម្តងក្នុងលីគ Bundesliga គ្រប់ Penalty ក្នុងរដូវកាលទី៣ របស់លោកនៅទីក្រុង Munich មួយនេះ ក្រោយផ្ទេរចេញពីក្លឹបអង់គ្លេស Tottenham Hotspur ដើម្បីជួយ Bayern រកបាន ៣៨ពិន្ទុបណ្តោះអាសន្ន ក្រោយឆ្លងកាត់ ១៤ប្រកួតនាំមុខក្រុមលេខ២ RB Leipzig ៩ពិន្ទុទៀតផង។

គិតមកទល់ពេលនេះ Kane បានកំពុងឈរទីកំពូលតារាងស៊ុតបានច្រើនគ្រាប់ក្នុងលីគ ដោយមាន ១៨គ្រាប់ និងជាគ្រាប់បាល់ទី៨០ ផងដែរនៅក្របខណ្ឌ Bundesliga ស្របពេលគូប្រជែង Mainz បន្តឈរនៅលេខរៀងទី១៨ បាតតារាងដដែល ដោយមានតែ ៧ពិន្ទុប៉ុណ្ណោះ នៅពេលលេងបាន ១៤ប្រកួតដូចគ្នា៕