តាមរយៈជ័យជម្នះនៅក្នុងផ្ទះ Alaves នាំឱ្យសម្ពាធរបស់ Alonso ត្រូវបានកាត់បន្ថយពីការដឹកនាំ Real

15-12-2025 10:32

(បរទេស)៖ បញ្ហាសម្ពាធរបស់អ្នកចាត់ការទូទៅ លោក Xabi Alonso ត្រូវបានកាត់បន្ថយមកវិញ នៅពេលអធិរាជស Real Madrid យកឈ្នះម្ចាស់ផ្ទះ Alaves ២-១ យប់មិញនេះ ក្នុងការកាត់បន្ថយគម្លាតនាំពីក្រុមកំពូលតារាង FC Barcelona មកនៅត្រឹម ៤ពិន្ទុ។

ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា អ្នកចាត់ការទូទៅ Alonso បានធ្លាក់ចូលក្នុងសម្ពាធ ក្រោយបរាជ័យក្រោមថ្វីជើងរបស់ Celta Vigo នៅក្របខណ្ឌ La Liga និងចាញ់ Manchester City ផងដែរនៅពានអឺរ៉ុប UEFA Champions League ហើយប្រសិនបើចាញ់លើកទី៣ ជាប់ៗគ្នាពេលប៉ះ Alaves នោះគ្រូបង្វឹកវ័យ ៤៤ឆ្នាំ ទំនងត្រូវដកតំណែង។

ទោះជាបែបនេះក្តី ក្រុមខ្លាំងប្រចាំទីក្រុង Madrid ខិតខំរកទាល់តែបាន ៣ពិន្ទុតែម្តង នៅពេលខ្សែប្រយុទ្ធ Kylian Mbappe រកបានគ្រាប់នាំមុខនៅនាទី២៤ ពីការបញ្ជូនរបស់ Jude Bellingham និងជាគ្រាប់ទី១៧ ក្នុងលីគអេស្ប៉ាញ La Liga រដូវកាលឆ្នាំ២០២៥-២៦ និងកើនបាន ៧០គ្រាប់មកហើយ គិតចាប់តាំងពីកីឡាករបារាំងរូបនេះចូលរួមនាអំឡុងខែកក្កដា ឆ្នាំ២០២៤។

កីឡាករ Carlos Vicente ជាអ្នករកបានគ្រាប់តាមស្មើសម្រាប់ Alaves បន្ទាប់ពីចូលលេងបានតែ ១នាទីប៉ុណ្ណោះ ពោលគឺនៅនាទី៦៨ តាមរយៈប្រើជំនាញគ្រប់គ្រងបាល់ និងបំប៉ោងសំណាញ់ទី Thibaut Courtois បានសម្រេច មុនពេល Rodrygo ជាអ្នកបន្ថែមគ្រាប់ជ័យជម្នះ ៣ពិន្ទុនៅនាទី៧៦ ពីការបញ្ជូនរបស់ Vinicius Jr។

ឆ្លងតាម ៣ពិន្ទុក្រៅដីដ៏មានន័យនេះដែរ នាំឱ្យ Real អតីតរងជើងឯកលីគរដូវកាលមុនរកបាន ៣៩ពិន្ទុ ក្រោយឆ្លងកាត់ ១៧ប្រកួត ដោយចាញ់ប្រៀបក្រុមកំពូលតារាង និងម្ចាស់ការពារជើងឯករបស់លោក Hansi Flick មកនៅត្រឹម ៤ពិន្ទុវិញ គ្រាដែល Alaves ឈរលេខ១២ និងមាន ១៨ពិន្ទុ៕