ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ បាននាំមកដល់កម្ពុជា ដែលត្រូវធ្វើម្ចាស់ផ្ទះបន្តវេន នាឆ្នាំ២០២៩

15-12-2025 10:44

(ភ្នំពេញ)៖ ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ត្រូវបាននាំមកដល់កម្ពុជាហើយ កាលពីល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនាមកម្ពុជា គឺជាម្ចាស់ផ្ទះបន្ដវេន នាឆ្នាំ២០២៩។ ដំណើរមកដល់របស់ទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមនេះ ត្រូវបានអញ្ជើញទទួលដោយលោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី អនុប្រធាន ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។

ថ្លែងនាឱកាសទទួលទង់ និងប្រតិភូកីឡាជនពិការកម្ពុជា នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ លោក ហ៊ុន ម៉ានី មានប្រសាសន៍ថា តាមការគ្រោងទុក ពេលប្រតិភូកីឡាជនពិការកម្ពុជា នាទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ មកដល់កម្ពុជា នឹងត្រូវធ្វើដំណើររួមគ្នាទៅវិមាសន្តិភាព ហើយសម្តេចធិបតីត្រៀមទទួលប្រតិភូអត្តពលិកដោយផ្ទាល់ ។ ប៉ុន្ដែដោយសារស្ថានភាពបច្ចុប្បន្ន ដោយមានការឈ្លានពានពីយោធាថៃ សម្ដេចធិបតី ត្រូវតាមដាន យកចិត្តទុកដាក់ គ្រប់គ្រងសភាពការណ៍ជាបន្ដបន្ទាប់ មិនអាចអញ្ជើញទទួលបាន។

បែបនេះក្ដី ក្នុងនាមសម្ដេចធិបតីនាយករដ្ឋមន្ដ្រី លោកឧបនាយករដ្ឋមន្ដ្រី ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដោយសេចក្ដីនឹករឮក និងចូលរួមអបអរសាទរ ចំពោះសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់អត្តពលិកជនមានពិការភាពកម្ពុជា ក្នុងការនាំមកនូវជ័យជម្នះជូនជាតិមាតុភូមិ ព្រមទាំងនាំមកនូវទង់កីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ដែលកម្ពុជានឹងត្រូវធ្វើម្ចាស់ផ្ទះបន្ដវេន នាឆ្នាំ២០២៩ ហើយក្រោយស្ថានការណ៍ល្អប្រសើរឡើងវិញ សម្តេចធិបតី នឹងរៀបចំពេលវេលាសមស្របណាមួយ អនុញ្ញាតឱ្យប្រតិភូកីឡាជនពិការកម្ពុជាចូលជួបដោយផ្ទាល់ ដើម្បីបង្ហាញនូវការអបអរសាទរ និងកោតសសើរជាក់ជាមិនខាន។

ទន្ទឹមជាមួយគ្នានោះ ហ៊ុន ម៉ានី ក៏បានថ្លែងអំណរគុណ ចំពោះប្រតិភូ គ្រូបង្វឹក និងអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជាទាំងអស់ ដែលបានទៅចូលរួមប្រកួតប្រែងដណ្តើមបានមេដាយនាំយកមាតុភូមិ ដែលជាភាពជោគជ័យមួយដ៏អស្ចារ្យ ពោលគឺការដណ្ដើមបានមេដាយសរុប ១២គ្រឿង (មាស ៣ ប្រាក់ ៤ និងសំរឹទ្ធ ៥)៕