សិស្សចាប់អារម្មណ៍លេងកីឡាកាន់តែខ្លាំង ក្រោយចូលរួមវគ្គអប់រំគុណតម្លៃអូឡាំពិក

15-12-2025 11:20

(ភ្នំពេញ)៖ សិស្សានុសិស្សនៃវិទ្យាល័យ ជាស៊ីម ជ្រោយចង្វា បានចាប់អារម្មណ៍ និងចូលរួមលេងកីឡាកាន់តែខ្លាំង បន្ទាប់ពីចូលរួមកម្មវិធីអប់រំគុណតម្លៃអូឡាំពិក រហូតមានអ្នកខ្លះស្នើសុំលេងកីឡា ក្នុងបរិវេណសាលា ក្រោយទំនេរពីការសិក្សាទៀតផង ។ នេះបើតាមការបញ្ជាក់របស់នាយកសាលាលោក អ៊ុក ប៊ុណ្ណារិទ្ធ បន្ទាប់ពីសាលាត្រូវបានជ្រើសរើសរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) ជាថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ។

លោកបន្ដថា ក្រៅពីកម្មវិធីអប់រំកាយ និងកីឡាក្នុងសាលា កម្មវិធីនេះ ពិតជាបានរួមចំណែកសំខាន់ក្នុងការបំផុសការយល់ដឹង និងសកម្មភាពកីឡាដល់សិស្សានុសិស្ស ជាក់ស្ដែងក្រោយចូលរួមវគ្គអប់រំគុណតម្លៃអូឡាំពិកនេះ សិស្សានុសិស្សបានចាប់ផ្ដើមទៅលេងកីឡាកាន់តែខ្លាំងឡើង រហូតមានសិស្សខ្លះស្នើលេងនៅទីលានកីឡាក្នុងបរិវេណសាលាក្រោយទំនេរពីការសិក្សា។ ការណ៍នេះ បានធ្វើឲ្យលោករីករាយ និងគាំទ្រ ហើយសាលាក៏មានគម្រោងរៀបចំ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកីឡា ដើម្បីឆ្លើយតបនឹងកំណើនសកម្មភាពកីឡាក្នុងសាលានេះផងដែរ។

លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈ NOCC និងជាគ្រូឧទ្ទេសប្រចាំវគ្គបន្ដថា ពេលនេះ យុទ្ធនាការអប់រំគុណតម្លៃអូឡាំពិក នៅភ្នំពេញ បានបញ្ចប់ហើយ ក្រោយដំណើរការបាន ៤សាលា ដោយបញ្ចប់ត្រឹមវិទ្យាល័យ ជាស៊ីម ជ្រោយចង្វា ដោយមានសិស្សានុសិស្សប្រមាណ ១០០នាក់ចូលរួម ។ លោកថា វគ្កនេះ បានផ្ដល់ចំណេះដឹងអំពីគុណតម្លៃ និងប្រវត្តិចលនាអូឡាំពិក ហើយក៏បានរំលេចនូវបទឈប់បាញ់អូឡាំពិក តាំងពីសម័យក្រិចបុរាណ ឲ្យសិស្សានុសិស្សបានជ្រាបពីគុណប្រយោជន៍នៃកីឡា ដែលនាំមកនូវសន្ដិភាព និងការកសាងពិភពលោកឲ្យស្រស់បំព្រងផងដែរ។

ចំពោះសាលារៀន នៅរាជធានីភ្នំពេញ ដែលបានបញ្ចប់ការរៀបចំកម្មវិធីអប់រំពីគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ គឺមានអនុវិទ្យាល័យ ចតុមុខ វិទ្យាល័យ ជាស៊ីម សាមគ្គី វិទ្យាល័យ ព្រះស៊ីសុវត្ថិ និងវិទ្យាល័យ ជាស៊ីម ជ្រោយចង្វា ។ បន្ថែមលើនេះ NOCC ក៏នឹងបន្ដរៀបចំយុទ្ធនាការនេះ នៅតាមខេត្តចំនួន ៤សាលាទៀត នាពេលខាងមុខ រួមមាននៅខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុជាដើម៕