សហព័ន្ធប្រដាល់សកល កៀគរមូលនិធិជួយគាំទ្រដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ
15-12-2025 13:36
(ភ្នំពេញ)៖ ស្របពេលយោធាថៃ បាននឹងកំពុងឈ្លានពាន ហើយបាញ់ប្រហារទាំងកំរោលមកលើកងកម្លាំង និងជនស៊ីវិល ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសបាននឹងកំពុងពួតដៃសាមគ្គីគ្នា ក្នុងនាមសមរភូមិក្រោយ ដើម្បីជួយគាំទ្រដល់សមរភូមិមុខ ក្នុងនោះសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក៏បានរៀបចំលក់ឯកសណ្ឋានកីឡា ដើម្បីកៀគរមូលនិធិជួយគាំទ្របន្ថែម ដល់ពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខ ដែលកំពុងឈរការពារបូរណភាពទឹកដីដ៏អង់អាចក្លាហានផងដែរ។
ការលក់ឯកសណ្ឋានហ្វឹកហាត់កីឡាប្រដាល់សកលជម្រើសជាតិខាងលើ នឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ខែធ្នូ នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) និងពីថ្ងៃទី២៣-២៦ ខែធ្នូ ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំឡុងការប្រកួតកីឡាប្រដាល់សកលជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដោយក្នុងមួយអាវលក់ត្រឹម ៥ដុល្លារប៉ុណ្ណោះ។ ត្រឹមរយៈពេលខ្លី ក្រោយពីការជូនដំណឹង គេឃើញមានប្រជាពលរដ្ឋយ៉ាងច្រើន បានធ្វើការកម្មង់ទិញអាវនេះ។
យោងតាមការជូនដំណឹងរបស់សហព័ន្ធ សម្រាប់ថវិកាទទួលបានពីការលក់ ទាំងថ្លៃដើម និងប្រាក់ចំណេញទាំងអស់ នឹងត្រូវបញ្ចូលក្នុងមូលនិធិប្រដាល់សកល ដើម្បីបរិច្ចាគជួយដល់ជនភៀសសឹក និងវីរកងទ័ពសមរភូមិមុខ។ ប៉ុន្ដែក្រៅពីការទិញឯកសណ្ឋានប្រដាល់សកល ប្រជាពលរដ្ឋក៏អាចចូលរួមបរិច្ចាគជាមួយមូលនិធិប្រដាល់សកល ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់សមរភូមិមុខ ដើម្បីជួយដល់ក្រុមគ្រួសាររងគ្រោះ និងវីរកងទ័ពជួរមុខ ដែលកំពុងឈរការពារបូរណភាពទឹកដីពីការឈ្លានពានរបស់យោធាថៃផងដែរ៕






