មូលនិធិ មេគង្គ លែន ឧបត្ថម្ភថវិកា ៣,០០០ដុល្លារ ជូនមន្ទីរពេទ្យព្រះកេតុមាលា ដើម្បីគាំទ្រដល់វីរកងទ័ពនៅសមរភូមិជួរមុខ
15-12-2025 13:39
(ភ្នំពេញ)៖ មូលនិធិ មេគង្គ លែន នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំយកថវិកាចំនួន ៣,០០០ដុល្លារសហរដ្ឋអាមេរិក ទៅប្រគល់ជូនមន្ទីរពេទ្យព្រះកេតុមាលា, ការបរិច្ចាគនេះធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីចូលរួមចំណែកទិញថ្នាំពេទ្យដែលចាំបាច់ជាបន្ទាន់ សម្រាប់ជួយសង្គ្រោះ និងព្យាបាលវីរកងទ័ពដែលកំពុងឈរជើងយ៉ាងអង់អាចនៅតាមបណ្តោយព្រំដែន និងសមរភូមិជួរមុខការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។
សកម្មភាពមនុស្សធម៌នេះ គឺជាការបង្ហាញនូវទឹកចិត្តសាមគ្គីភាព និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះពលិកម្មរបស់កងយោធពលខេមរភូមិន្ទ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការការពារជាតិមាតុភូមិ។
គួរបញ្ជាក់ផងដែរថា មូលនិធិ មេគង្គ លែន គឺជាមូលនិធិសប្បុរសធម៌មួយដែលត្រូវបានបង្កើតឡើងក្រោមកិច្ចផ្តួចផ្តើមរបស់ បុរី មេគង្គ លែន ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធមានដូចជា ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា និងផ្សារសហគមន៍ MC Park។ មូលនិធិនេះ ទទួលនូវការចូលរួមបរិច្ចាគទាំងថវិកា និងសម្ភារជាច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរដែលមានទឹកចិត្តសប្បុរស ដើម្បីប្រមូលធនធានជួយទៅដល់វីរកងទ័ពនៅជួរមុខ ក៏ដូចជាប្រជាពលរដ្ឋដែលកំពុងរងគ្រោះ និងភៀសសឹកផងដែរ។
តំណាងមូលនិធិ មេគង្គ លែន បានសម្តែងនូវការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគ និងគាំទ្រដល់មូលនិធិ ដើម្បីបុព្វហេតុជាតិ និងការជួយគ្នាទៅវិញទៅមកក្នុងកាលៈទេសៈដ៏សំខាន់នេះ៕








