ការទស្សន៍ទាយបង្ហាញថា ក្លឹបរបស់អង់គ្លេស មានស្ថិតិខ្ពស់ជាងគេ ក្នុងការឈ្នះពាន UCL រដូវកាលនេះ
15-12-2025 14:37
(បរទេស)៖ របាយការណ៍អំពីការព្យាករណ៍បានបង្ហាញថា ក្រុមរបស់ប្រទេសអង់គ្លេសមានស្ថិតិដល់ទៅ ៤៥% ក្នុងការគ្រងជើងឯកពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Champions League 2025-2026។ នេះបើយោងតាម Channel Telegram JF។
ជាការកត់សម្គាល់ផងថា កាំភ្លើងធំ Arsenal មកពីក្របខណ្ឌ Premier League របស់អង់គ្លេស ក៏បានកំពុងគ្រប់គ្រងតំណែងកំពូលតារាង UCL ដ៏រឹងមាំទៀតផង តាមរយៈឈ្នះគ្រប់ការប្រកួតតែម្តង ក្រោយឆ្លងកាត់ ៦ប្រកួតមកនេះ។
ចំណែកអេស្ប៉ាញវិញ ដែលក្លឹប Real Madrid បានឈ្នះពាន UCL ចុងក្រោយកាលឆ្នាំ២០២៤ និងច្រើនជាងគេមានដល់ទៅ ១៥លើកនោះ មានស្ថិតិ ១៨% នាំមុខអាល្លឺម៉ង់ដែលមាន ១៧% ហើយបារាំងមាន ១២% ដ្បិតក្លឹប Paris Saint Germain ជាម្ចាស់ជើងឯកលើកចុងក្រោយនាឆ្នាំ២០២៥។
ដោយឡែកសម្រាប់អ៉ីតាលី ដែលមានក្លឹប Inter Milan និង AC Milan ជាអតីតជើងខ្លាំងនៅ UCL មានស្ថិតិតែ ៦% ប៉ុណ្ណោះ ដ្បិតខកខានឈ្នះពានលំដាប់កំពូលអឺរ៉ុបមួយនេះតាំងពីឆ្នាំ២០១០ មកម្ល៉េះ។
ព្រឹត្តិការណ៍មានជារៀងរាល់ឆ្នាំមួយនេះ ១០សម័យកាលចុងក្រោយពោលគឺរាប់ត្រឹមឆ្នាំ២០១៥ មក ក្រុមរបស់អង់គ្លេសឈ្នះបានតែ ៣លើកប៉ុណ្ណោះ នៅពេល Liverpool ដណ្តើមបាននៅឆ្នាំ២០១៩, Chelsea ឆ្នាំ២០២១ និងចុងក្រោយ Manchester City នាឆ្នាំ២០២៣ ហើយ Bayern Munich របស់អាល្លឺម៉ង់ឈ្នះនៅឆ្នាំ២០២០ និងចុងក្រោយឆ្នាំ២០២៥ PSG និងក្រៅពីនោះ គឺក្រុមរបស់អេស្ប៉ាញយកទាំងអស់៕




