ថ្នាក់ដឹកនាំក្រុមហ៊ុន «កម្ពុជាតេលា» ចុះចែកអំណោយជូនកងទ័ព, មន្ទីរពេទ្យ និងបងប្អូនជនភៀសសឹក

15-12-2025 15:46

(ព្រះវិហារ)៖ ក្រោមស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីជួយគ្នាក្នុងគ្រាមានអាសន្ន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី សេង ពុទ្ធិឆាត អគ្គនាយិការងជាន់ខ្ពស់តំណាងឱ្យអ្នកឧកញ៉ា ឈុន អូន អគ្គនាយក ក្រុមហ៊ុនកម្ពុជាតេលា បានចុះជួបសួរសុខទុក្ខវីរកងទ័ព និងបងប្អូនជនភៀសសឹក ចេញពីតំបន់មានជម្លោះ។

លោកស្រីអគ្គនាយិការងជាន់ខ្ពស់ បាននាំយកគ្រឿងឧបភោគបរិភោគដូចជា អង្ករ, សាច់ក្រក, ឆៃពៅ, ស្ករស, ប្រេងឆា, ទឹកស៊ីអ៊ីវ, ទឹកត្រី, សៀង និងទឹកសុទ្ធ រូមទាំងថវិកាមួយចំនួន ដើម្បីផ្តល់អំណោយជូនដល់វីរកងទ័ពជួរមុខ និងបងប្អូនភៀសសឹកជាច្រើនគ្រួសារ នៅឯខេត្តព្រះវិហារ ក្នុងគោលបំណងជួយសម្រាលបន្ទុកដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកពីតំបន់ជម្លោះ។ ក្នុងឱកាសនោះផងដែរ លោកស្រីបានបង្ហាញនូវក្តីបារម្ភអំពីសុខសុវត្ថិភាព សុខភាពរបស់វីរកងទ័ព បងប្អូនភៀសសឹកទាំងអស់ និងការខកខានសិក្សារបស់ប្អូនៗកុមារជាច្រើន។

លោកស្រីសូមសម្តែងការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមូលដ្ឋានដែលសហការយ៉ាងល្អ ក្នុងការរៀបចំទីកន្លែងស្នាក់អាស្រ័យបណ្តោះអាសន្នបានយ៉ាងទាន់ពេលវេលា និងសូមជូនពរដល់វីរកងទ័ព ដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដីរបស់កម្ពុជា និងបងប្អូនភៀសសឹកទាំងអស់ សូមប្រកបដោយសុខភាពល្អ សុខសុវត្ថិភាពឈ្នះអស់មាសត្រូវ និងបន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទាំងអស់គ្នា។

ស្មារតីខ្មែរតែមួយ ខ្មែរស្រឡាញ់ខ្មែរ..!៕