STMicro ផ្គត់ផ្គង់បន្ទះឈីប ៥ ពាន់លានគ្រឿងឲ្យ Starlink របស់ Elon Musk ហើយទំហំនេះនឹងកើនទ្វេដងនៅឆ្នាំ២០២៧

16-12-2025 08:51

(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំមួយរបស់អឺរ៉ុបគឺ STMicroelectronics បានប្រកាសថា ខ្លួនបានបញ្ជូនបន្ទះឈីបអង់តែនឯកទេស (RF antenna chips) ជាង ៥ ពាន់លានគ្រឿង ទៅកាន់ក្រុមហ៊ុន SpaceX របស់លោក Elon Musk ដើម្បីប្រើប្រាស់នៅក្នុងបណ្តាញផ្កាយរណប Starlink។ ភាពជាដៃគូដ៏សំខាន់នេះ បានក្លាយជាកម្លាំងជំរុញដ៏ធំសម្រាប់អាជីវកម្មបន្ទះឈីបរបស់ STMicro ខណៈដែលការសហការនេះរំពឹងថានឹងពង្រីកខ្លួនយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Remi El-Ouazzane ប្រធានផ្នែកមួយរូបរបស់ក្រុមហ៊ុន STMicro បានគូសបញ្ជាក់ពីការព្យាករណ៍ខ្ពស់ ដោយថ្លែងយ៉ាងច្បាស់ថា៖ «បរិមាណស្ថានីយអ្នកប្រើប្រាស់ (user terminals) ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ អាចនឹងកើនទ្វេដងក្នុងរយៈពេល ២ ឆ្នាំខាងមុខ»។ លោកបានបន្ថែមថា បន្ទះឈីបពិសេសដែលប្រើនៅក្នុងស្ថានីយ Starlink នេះនឹងទាក់ទាញក្រុមហ៊ុនផ្កាយរណបគន្លងទាបជាច្រើនទៀតឱ្យប្រើប្រាស់ដូចគ្នា។ បច្ចុប្បន្ន Starlink កំពុងប្រតិបត្តិការនៅក្នុងទីផ្សារជាង ១៥០ និងមានអ្នកប្រើប្រាស់ប្រហែល ៨ លាននាក់។

គួរបញ្ជាក់ថា​ កំណើនយ៉ាងគំហុកនេះ ឆ្លុះបញ្ចាំងពីនិន្នាការទីផ្សារអវកាសដែលកំពុងផ្លាស់ប្តូរពីគម្រោងរដ្ឋាភិបាល ទៅជាទីផ្សារពាណិជ្ជកម្មដែលដឹកនាំដោយក្រុមហ៊ុនឯកជនដូចជា SpaceX, OneWeb និង Amazon ជាដើម។ STMicro នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយ SpaceX ដោយត្រៀមផ្គត់ផ្គង់បច្ចេកវិទ្យាសម្រាប់តំណភ្ជាប់ឡាស៊ែរអន្តរផ្កាយរណប (inter-satellite laser links) នាពេលខាងមុខ ហើយក៏កំពុងពង្រីកកិច្ចសហការជាមួយក្រុមហ៊ុនអឺរ៉ុបលើគម្រោងផ្កាយរណបសំខាន់ៗផងដែរ៕