Arsenal តក់ស្លុតនៅពេលដឹងថា ខ្សែការពារសំខាន់ White នឹងអវត្តមានចាប់ពី ១ខែឡើងទៅ
16-12-2025 09:36
(បរទេស)៖ កាំភ្លើងធំ Arsenal បានបង្ហាញក្តីបារម្ភជាខ្លាំង ដ្បិតខ្សែការពារសំខាន់ Ben White របស់ពួកគេ ប្រឈមមុខទៅនឹងការអវត្តមានយ៉ាងតិចណាស់ក៏ ១ខែឡើងទៅ ដោយសាររបួសសរសៃពួរ នៃជំនួបដែលបានយកឈ្នះ Wolves ក្នុងលីគ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា ទោះជាបែបនេះក្តី កាំភ្លើងធំនៅតែទន្ទឹងរង់ចាំនូវចម្លើយចុងក្រោយពីការពិនិត្យបញ្ហារបួសរបស់ White ស្របពេលបានដឹងរួចស្រេចហើយថា នឹងអវត្តមានចាប់ពី ៤-៦សប្តាហ៍ឯណោះ។
កីឡាករអន្តរជាតិអង់គ្លេស វ័យ ២៨ឆ្នាំខាងលើនេះ ត្រូវបានប្តូរចេញនៅនាទី៣១ នៃជំនួបដែលក្រុមម្ចាស់ផ្ទះ Arsenal បានយកឈ្នះ Wolves ២-១ ក្នុងកីឡដ្ឋាន Emirates របស់ខ្លួនកាលពីថ្ងៃសៅរ៍ ជារបួសដែលអ្នកចាត់ការទូទៅលោក Mikel Arteta ចាត់ទុកថា មានបញ្ហាសរសៃពួរ។
ការអវត្តមានរបស់ White ដែលទើបលេងបាន ១១ប្រកួតនារដូវកាលនេះសម្រាប់ក្រុមកំពូលតារាង Premier League បានបង្កជាបញ្ហាស្មុគស្មាញនៅតំបន់ការពាររបស់ Arsenal ដែលត្រូវលេង ៤ប្រកួងផងដែរ ក្នុងរយៈពេលត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ។ ពួកគេត្រូវធ្វើដំណើរទៅប៉ះ Everton ក្នុងលីគនារាត្រីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មុនពេលលេងវគ្គ ៨ក្រុមពាន League Cup ទល់នឹង Crystal Palace នាថ្ងៃទី២៣ ខែធ្នូ។
Arsenal ដែលកំពុងនាំមុខទីកំពូលតារាង Premier League ត្រឹមតែ ២ពិន្ទុពីក្រុមលេខ២ Manchester City ត្រូវធ្វើម្ចាស់ផ្ទះទទួលក្រុម Brighton និង Aston Villa នាថ្ងៃទី២៧ និងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ៕



