LA 28 នឹងបើកលក់សំបុត្រយ៉ាងហោចណាស់ ១លានសន្លឹកតម្លៃត្រឹមតែ ២៨ដុល្លារ
16-12-2025 09:49
(អាមេរិក)៖ អ្នករៀបចំបានឱ្យដឹងថា សម្រាប់សំបុត្រទស្សនាព្រឹត្តិការណ៍អូឡាំពិក Los Angeles Games 2028 អ្នកគាំទ្រនឹងអាចចុះឈ្មោះចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ សម្រាប់ការចាប់ឆ្នោតសំបុត្រចៃដន្យដោយអ្នករៀបចំកម្មវិធីសន្យាថា នឹងលក់សំបុត្រយ៉ាងហោចណាស់ ១លានសន្លឹកដែលមានតម្លៃតែ ២៨ដុល្លារ។
ការចុះឈ្មោះទិញសំបុត្រ LA28 នឹងផ្តល់ឱកាសឱ្យអ្នកគាំទ្រទទួលបានពេលវេលាល្អមួយ ដើម្បីទិញសំបុត្រនៅក្នុងខែមេសា ដោយអ្នកគាំទ្រដែលមិនត្រូវបានជ្រើសរើសនឹងចុះឈ្មោះដោយស្វ័យប្រវត្តិសម្រាប់ការទម្លាក់សំបុត្រជាបន្តបន្ទាប់នោះ ។
បើតាមសម្តីរបស់ Allison Katz-Mayfield អនុប្រធានជាន់ខ្ពស់ផ្នែកបែងចែកប្រាក់ចំណូលរបស់ LA28ទាក់ទងនឹងតម្លៃសំបុត្រអាចទស្សនា កីឡាគ្រប់ប្រភេទចាប់ផ្តើមពី ២៨ដុល្លារ ដែលនេះមិនមែនគ្រាន់តែជាការនិយាយលេងសើចចំពោះសំបុត្រ ២,៣សន្លឹកដែលនឹងស្ថិតនៅជ្រុងនៃទីកន្លែងណាមួយនោះទេ ប៉ុន្តែជាចំនួនសំបុត្រដ៏មានអត្ថន័យ ។
សូមជម្រាបផងថា ការប្រកាសនៃតម្លៃសំបុត្រ LA28 បានកើតឡើងចំពេលមានការតវ៉ាជាខ្លាំងទៅនឹងសំបុត្រដែលមានតម្លៃថ្លៃខ្ពស់សម្រាប់ FIFA World Cup 2026 ។
គួរដឹងដែរថា ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ បានលក់សំបុត្របានច្រើនជាងគេបំផុតចំនួន ១២លានសន្លឹក ខណៈការចុះឈ្មោះទិញនៅ LA28 បានធ្វើឡើងលឿនជាងកាលវិភាគដាក់លក់កន្លងមក ហើយការលក់សំបុត្រត្រូវបានគេរំពឹងថា នឹងមានប្រហែលមួយភាគបីនៃគោលដៅប្រាក់ចំណូលសរុបរបស់ LA28 គ្រាដែលសំបុត្រ Paralympic Games គោងដាក់លក់នៅឆ្នាំ២០២៧ ៕




