ក្រុមប្រឹក្សាភិបាល Tesla រកលុយបាន ៣ពាន់លានដុល្លារ ពីរង្វាន់ភាគហ៊ុន នាំមុខក្រុមហ៊ុនបច្ចេកវិទ្យាធំៗ
16-12-2025 10:30
(បរទេស)៖ សមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla រកប្រាក់បានសរុបជាង ៣ពាន់លានដុល្លារ តាមរយៈរង្វាន់ភាគហ៊ុន និងជម្រើសភាគហ៊ុន (stock awards and stock options) ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ នេះត្រូវបានគេដឹងថា ជាចំនួនដ៏ច្រើន បើប្រៀបធៀបនឹងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតនៅសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
ការកើនឡើងយ៉ាងខ្លាំងនៃប្រាក់ចំណូលនេះ ត្រូវបានជំរុញដោយតម្លៃភាគហ៊ុន Tesla ដែលមានការកើនឡើងយ៉ាងខ្លាំង ក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាក្រុមហ៊ុនបានផ្អាកការបង់ប្រាក់ឲ្យក្រុមប្រឹក្សាភិបាលចាប់តាំងពីឆ្នាំ២០២១ ក្រោយមានការប្តឹងផ្តល់ពីម្ចាស់ភាគហ៊ុនស្តីពីប្រាក់ឧបត្ថម្ភលើសកម្រិតក៏ដោយ។ ក្នុងចំណោមសមាជិកដែលទទួលបានផលចំណេញច្រើនបំផុតរួមមាន៖
* លោក Kimbal Musk បងប្រុសរបស់នាយកប្រតិបត្តិ Elon Musk ដែលទទួលបានតម្លៃភាគហ៊ុនជិត ១ពាន់លានដុល្លារ
* លោក Ira Ehrenpreis បានប្រាក់ប្រហែល ៨៦៩លានដុល្លារ
* លោកស្រី Robyn Denholm ប្រធានក្រុមប្រឹក្សាភិបាល Tesla ដែលទទួលបានប្រហែល ៦៥០លានដុល្លារ
ការវិភាគបានបញ្ជាក់ថា ប្រាក់ឧបត្ថម្ភរបស់ក្រុមប្រឹក្សាភិបាល Tesla គឺមានចំនួនច្រើនលើសក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀត ដូចជា Apple, Microsoft, Alphabet, Meta, Amazon និង Nvidia ជាច្រើនដង។ ជាមធ្យម សមាជិកក្រុមប្រឹក្សាភិបាល Tesla ម្នាក់ទទួលបានប្រាក់ប្រមាណ ១.៧ លានដុល្លារ ក្នុងមួយឆ្នាំ ដែលប្រហែល ២.៥ ដង ខ្ពស់ជាងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ។
អ្នកជំនាញផ្នែកអភិបាលកិច្ចក្រុមហ៊ុន បានបង្ហាញក្តីព្រួយបារម្ភថា ការប្រើជម្រើសភាគហ៊ុន ជាទម្រង់ប្រាក់ឧបត្ថម្ភ អាចប៉ះពាល់ដល់ ឯករាជ្យភាព និងតួនាទីត្រួតពិនិត្យ របស់ក្រុមប្រឹក្សាភិបាល ព្រោះវាផ្តល់ផលចំណេញខ្ពស់នៅពេលតម្លៃភាគហ៊ុនកើនឡើង ប៉ុន្តែមិនបង្កហានិភ័យដូចគ្នា នៅពេលតម្លៃធ្លាក់ចុះ៕












