FIFA នឹងប្រកាសម្ចាស់ពាន The Best ប្រចាំឆ្នាំ២០២៥ នៅរាត្រីថ្ងៃអង្គារនេះ

16-12-2025 10:31

(បរទេស)៖ សហព័ន្ធបាល់ទាត់ FIFA នឹងធ្វើការប្រកាសពីជយលាភី The Best FIFA Awards 2025 ចំពោះកីឡាករ-កីឡាការិនី អ្នកចាំទី និងគ្រូបង្វឹក ដែលបំពេញតួនាទីបានល្អផ្តាច់គេក្នុងឆ្នាំនេះ នៅរាត្រីថ្ងៃអង្គារ ទី១៦ ខែធ្នូតែម្តង។

ដោយយោងតាមការចេញផ្សាយនៅលើគេហទំព័រ FIFA បានឱ្យដឹងថា មានបេក្ខជនសំខាន់ដល់ទៅ ១១នាក់មកពីក្លឹបនានានៅអឺរ៉ុប ដែលបានកត់ត្រាទុកចាប់ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៥ ដើម្បីប្រជែងយកពានឯកត្តជន ដោយនឹងត្រូវប្រកាសនៅយប់នេះ។

បេក្ខជនទាំងនោះរួមមាន Ousmane Dembele, Pedri, Cole Palmer, Lamine Yamal, Harry Kane, Achraf Hakimi, Mohamed Salah, Kylian Mbappe, Raphinha, Nuno Mendes និង Vitinha។

គួររំលឹកផងថា ពាន FIFA The Best ដែលត្រូវបានបង្កើតឡើងដំបូងតាំងពីឆ្នាំ១៩៩១ មក ខ្សែប្រយុទ្ធ Vinicius Jr របស់ Real Madrid គឺបានឈ្នះចុងក្រោយគេកាលឆ្នាំ២០២៤ ក្រោមសំឡេងបោះឆ្នោតនាំមុខ Rodri របស់ក្លឹប Manchester City និងមិត្តរួមក្រុម Jude Bellingham ទៀតផង៕