ទីផ្សារផ្ទេរកីឡាករ លើកទី២ នៃលីគកំពូលកម្ពុជា ត្រូវបានបើក មុនបន្ដការប្រកួតជុំទី២ នាចុងសប្ដាហ៍នេះ

16-12-2025 10:41

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ បានបើកទីផ្សារផ្ទេរកីឡាករ ជាលើកទី២ រយៈពេល ១ខែ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ដើម្បីអនុញ្ញាតឲ្យក្លិបនីមួយៗ ផ្លាស់ប្ដូរកីឡាករត្រៀមបន្ដការប្រកួតជុំទី២ ដែលនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ។

ជុំវិញការទីផ្សារផ្ទេរកីឡាករនេះដែរ តាមលក្ខខណ្ឌក្លិបសមាជិកទាំងអស់ ត្រូវធ្វើការផ្ទេរកីឡាករតាមប្រព័ន្ធអនឡាញ (FIFA TMS and FIFA Connect) ទាំងកីឡាករកម្ពុជា និងកីឡាករបរទេស។ ចំពោះការផ្លាស់ប្ដូរ អនុញ្ញាតឲ្យកីឡាករកម្ពុជា ៦រូប និងកីឡាករបរទេស ៣រូប ហើយកីឡាករទាំងអស់ នឹងអាចចូលលេងក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់ពីការឯកសារគ្រប់ចំនួនទៅក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតលីគកំពូលកម្ពុជាវិញ ក្រោយបណ្ដាក្លិបភាគច្រើន បានបញ្ចប់ជុំទី១ គេឃើញក្រុមព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារាង ដោយរកបាន ២៧ពិន្ទុ ក្នុងចំណោម ១០ប្រកួត តែមិនទាន់រាប់បញ្ចូលពិន្ទុ ការប្រកួតបង្គ្រប់សប្ដាហ៍ទី១០ ទល់នឹងក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលប្រកួតស្មើគ្នា ២-២ កាលពីចុងសប្ដាហ៍កន្លងទៅឡើយ ដោយសារក្រុម អឹមអូអាយ កំពង់ដេវ៉ា ដាក់កីឡាករបរទេសលើសចំនួនលើទីលាន ទោះបីត្រូវបានអនុវត្តដកកីឡាករសល់ត្រឹម ១០នាក់ភ្លាមៗក៏ដោយ។

ចំណែកភ្នំពេញក្រោន បានរំកិលមកឈរលេខ២ រកបាន ២៤ពិន្ទុ ជាមួយលទ្ធផល ១០ប្រកួតឈ្នះ៧ និងស្មើ ៣ មិនទាន់ស្គាល់ពាក្យចាញ់ គ្រាដែលអង្គរថាយហ្គឺរ ឈរលេខ៣ រកបាន ២២ពិន្ទុ, បឹងកេត ឈរលេខ៤ រកបាន ១៩ពិន្ទុ, ណាហ្គាវើលដ៏ ឈរលេខ៥ រកបាន ១៥ពិន្ទុ និងកងយោធពលខេមរភូមិន្ទ ឈរលេខ៦ រកបាន ១២ពិន្ទុ៕