អាមេរិក ផ្អាកកិច្ចព្រមព្រៀងបច្ចេកវិទ្យាជាមួយចក្រភពអង់គ្លេស

16-12-2025 11:26

(បរទេស)៖ សហរដ្ឋអាមេរិកបានសម្រេច ផ្អាកកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ជាមួយចក្រភពអង់គ្លេស ខណៈកន្លងទៅកិច្ចព្រមព្រៀងនេះ គឺមានគោលបំណងពង្រឹងការសហការនៅវិស័យបច្ចេកវិទ្យាជំនាន់ថ្មីៗដូចជា បញ្ញាសិប្បនិម្មិត (AI), កុំព្យូទ័រ Quantum និង ថាមពលនុយក្លេអ៊ែរស៊ីវិល។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចព្រមព្រៀងដែលត្រូវបានគេហៅថា «Tech Prosperity Deal» នេះ ត្រូវបានព្រមព្រៀងគ្នា នៅពេលប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានធ្វើដំណើរទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេស កាលពីខែកញ្ញា ឆ្នាំ២០២៥ ប៉ុន្តែឥឡូវត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ តាមប្រភពព័ត៌មាន ការផ្អាកនេះកើតឡើង ដោយសារភាគីអាមេរិកមានការមិនពេញចិត្តចំពោះ ការរីកចម្រើនយឺតយ៉ាវក្នុងការចរចាពាណិជ្ជកម្មទូលំទូលាយជាមួយអង់គ្លេស ជាពិសេសបញ្ហា ឧបសគ្គមិនមែនពន្ធ (non-tariff barriers) ដូចជា ស្តង់ដារអាហារ និងបទប្បញ្ញត្តិឧស្សាហកម្ម ដែលអាមេរិកចាត់ទុកថា ជាឧបសគ្គដល់ពាណិជ្ជកម្ម។

កិច្ចព្រមព្រៀងបច្ចេកវិទ្យានេះ មានគោលដៅជំរុញការវិនិយោគ និងការស្រាវជ្រាវរួម នៅវិស័យ AI, កុំព្យូទ័រ Quantum និងថាមពលស្អាត ហើយត្រូវបានគេរំពឹងថា នឹងនាំមកនូវការវិនិយោគរាប់ពាន់លានដុល្លារ ពីក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ទៅកាន់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់អង់គ្លេស។

ទោះបីជាកិច្ចព្រមព្រៀងនេះត្រូវបានផ្អាកក៏ដោយ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់របាយការណ៍នេះបានភ្លាមៗទេ។ សេតវិមាន និងរដ្ឋាភិបាលអង់គ្លេស មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រឡើយ៕