អតីតមេធំ Google អ្នកជំនាញទិញ-លក់ពាន់លានដុល្លារ ចូលរួមដឹកនាំការពង្រីកអាជីវកម្មនៅ OpenAI
16-12-2025 12:55
(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសពីការតែងតាំងដ៏សំខាន់មួយ ដោយបានជួលលោក Albert Lee ដែលជាអតីតនាយកជាន់ខ្ពស់ជើងចាស់ផ្នែកពង្រីកអាជីវកម្មសាជីវកម្មពីក្រុមហ៊ុន Google។ លោក Lee នឹងកាន់តំណែងជាអនុប្រធានផ្នែកអភិវឌ្ឍន៍សាជីវកម្ម (VP of Corporate Development) ដែលជាតួនាទីទទួលខុសត្រូវលើការវិនិយោគធំៗ និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រសំខាន់ៗ។ លោកនឹងត្រូវរាយការណ៍ផ្ទាល់ទៅកាន់ប្រធានផ្នែកហិរញ្ញវត្ថុរបស់ OpenAI គឺលោកស្រី Sarah Friar។ នេះបើយោងតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
អ្នកនាំពាក្យរបស់ OpenAI បានពន្យល់អំពីមូលហេតុនៃការជួលអ្នកជំនាញរូបនេះទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា គឺ «ដើម្បីធានាថា យើងមានមេដឹកនាំជាន់ខ្ពស់ម្នាក់ដែលមានទស្សនវិស័យទូលំទូលាយនៅទូទាំងក្រុមហ៊ុន ហើយមានសិទ្ធិអំណាចក្នុងការចាត់វិធានការយ៉ាងឆាប់រហ័ស»។ ក្នុងអំឡុងពេលបម្រើការងារជាងមួយទសវត្សរ៍នៅ Google លោក Lee ទទួលបន្ទុកដឹកនាំការងារអភិវឌ្ឍន៍សម្រាប់ផ្នែកបច្ចេកវិទ្យាធំៗដូចជា Google Cloud និង DeepMind (ក្រុមហ៊ុន AI របស់ Google)។ គួរកត់សម្គាល់ថា តាមប្រវត្តិរូបផ្ទាល់របស់លោក លោក Lee បានចូលរួមក្នុងប្រតិបត្តិការទិញយក និងការវិនិយោគយុទ្ធសាស្ត្រជាង ៦០ ដែលមានតម្លៃសរុបលើសពី ៥០ ពាន់លានដុល្លារ។
គួរជម្រាបថា ការតែងតាំងលោក Lee នេះបានកើតឡើងបន្ទាប់ពីការពង្រឹងក្រុមអ្នកដឹកនាំជាបន្តបន្ទាប់របស់ OpenAI ដើម្បីត្រៀមពង្រីកអាជីវកម្មរបស់ខ្លួននៅទូទាំងពិភពលោក។ កាលពីខែមុន ក្រុមហ៊ុនបានជួលលោក Torben Severson អតីតនាយកប្រតិបត្តិ Amazon មកជាប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មសកល ហើយកាលពីខែកញ្ញា ក៏បានជួលលោក Mike Liberatore អតីតប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន xAI របស់ Elon Musk មកកាន់ក្រុមការងារហិរញ្ញវត្ថុអាជីវកម្មផងដែរ។ ការផ្លាស់ប្តូរនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ OpenAI ក្នុងការពង្រឹងសមត្ថភាពដឹកនាំរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លាក្នុងទីផ្សារ AI ដែលកំពុងរីកចម្រើន៕









