មន្ដ្រី NOCC៖ អប់រំគុណតម្លៃអូឡាំពិក បញ្ជ្រាបអត្ថន័យលើសពីកីឡាដល់សិស្សានុសិស្ស
16-12-2025 12:59
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបន្ដយុទ្ធនាការផ្សព្វផ្សាយអំពីគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ នៅតាមខេត្ត ក្រោយជោគជ័យក្នុងការរៀបចំនៅរាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០២៥ ខណៈកម្មវិធីនេះ ត្រូវបានបញ្ជ្រាបអត្ថន័យលើសពីកីឡា ដល់សិស្សានុសិស្ស ក្នុងការបំផុសស្មារតីលេងកីឡា ដើម្បីសុខភាព សាមគ្គីភាព មិត្តភាព ហើយឆ្ពោះទៅរកការកសាងពិភពលោកប្រកបដោយសន្ដិភាព និងស្រស់បំព្រង តាមរយៈកីឡា។
នេះបើតាមការលើកឡើងរបស់លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC និងជាវាគ្មិនប្រចាំកម្មវិធី បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២៥ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ កាលពីថ្ងៃចន្ទកន្លងទៅ ដោយមានសិស្សថ្នាក់ទី១០ ប្រមាណជាង ១០០នាក់ចូលរួម ជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅពីនាយកសាលាលោក ទី ណាដា ផងដែរ។
លោកបន្ដថា សិស្សានុសិស្សបានជ្រួតជ្រាបយ៉ាងខ្លាំងពីការចែករំលែកពីប្រវត្តិកីឡាអូឡាំពិក និងចលនាអូឡាំពិកដែលមានយូរឆ្នាំមកហើយតាំងពីចក្រភពក្រិកសម័យបុរាណ និងបន្តរហូតដល់ពេលបច្ចុប្បន្ន។ ភ្ជាប់ជាមួយស្ថានភាពបច្ចុបន្ន នៃជម្លោះព្រំដែន ក្រោយមានការឈ្លានពានពីយោធាថៃ លោកក៏បានរំលេចនូវប្រវត្តិបទឈប់បាញ់អូឡាំពិក តាំងពីបុរាណ ដើម្បីឲ្យសិស្សានុសិស្សបានជ្រាបពីគុណតម្លៃកីឡា និងចលនាអូឡាំពិក ដែលមិនត្រឹមតែជាការប្រកួតប្រជែងនោះទេ តែក៏ជាផ្នែកមួយ នៃការផ្អាក រហូតដល់បញ្ចប់សង្គ្រាម ដើម្បីកសាងពិភពលោកឲ្យមានសន្ដិភាព និងស្រស់បំព្រង តាមរយៈកីឡានេះផងដែរ។
តាមរយៈនេះ លោកបានជំរុញឲ្យសិស្សានុសិស្ស និងយុវជនទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវស្មារតីកីឡា និងគុណតម្លៃអូឡាំពិក ហើយចូលរួមសកម្មភាពលេងកីឡាឲ្យបានច្រើន ស្របតាមពាក្យស្លោករបស់រាជរដ្ឋាភិបាល តាំងពីកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ គឺកីឡារស់ក្នុងសន្ដិភាព និងយុទ្ធនាការប្រជាជនម្នាក់ ត្រូវចេះលេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត។ មិនតែប៉ុណ្ណោះ ក្នុងកម្មវិធីនេះ ក្រុមការងារ NOCC ក៏បានភ្ជាប់ជាមួយការផ្សព្វផ្សាយដំណើរឆ្ពោះទៅកាន់ឆ្នាំ២០៣១ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ផងដែរ។
ទន្ទឹមជាមួយគ្នាដែរ លោក ទី ណាដា នាយកវិទ្យាល័យ ហ៊ុនសែន តាខ្មៅ និងសិស្សានុសិស្សបានបង្ហាញការសាទរចំពោះគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាដែលបានរៀបចំកម្មវិធីនេះឡើងធ្វើឱ្យយុវជនបានយល់ដឹងថែមទៀតពីចលនាកីឡា និងគុណប្រយោជន៍នៃកីឡា ទាំងចំពោះសុខភាព ក៏ដូចជាការសិក្សា។ ជាមួយគ្នា សិស្សវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ក៏មានសកម្មភាពច្រើនក្នុងការលេងកីឡា ជាពិសេសបាល់បោះ និងកីឡាវាយសីជាដើម។
គួរដឹងថា ក្រោយបញ្ចប់កម្មវិធីអប់រំគុណតម្លៃអូឡាំពិកចំនួន ៥សាលានៅភ្នំពេញ និងខេត្តកណ្ដាល NOCC នឹងបន្ដរៀបចំកម្មវិធីនេះ ៣ខេត្តបន្ដទៀត ក្នុងសប្ដាហ៍នេះ រួមមានខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ៕











