Nvidia ប្រកាសទិញយកក្រុមហ៊ុន AI ដ៏ធំមួយដើម្បីពង្រឹងកម្លាំង AI (Open-Source) របស់ខ្លួន
16-12-2025 13:52
(បរទេស)៖ ក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនរចនាឈីបដ៏មានឥទ្ធិពលបំផុតលើពិភពលោក បានប្រកាសពីការសម្រេចទិញយកក្រុមហ៊ុនកម្មវិធី AI មួយឈ្មោះ SchedMD។ គោលដៅចម្បងនៃការទិញយកនេះ គឺដើម្បីពង្រីកយុទ្ធសាស្ត្រ បច្ចេកវិទ្យាបើកចំហរ (Open-Source) របស់ខ្លួន និងពង្រឹងការវិនិយោគលើប្រព័ន្ធ AI ទាំងមូល ដើម្បីទប់ទល់នឹងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅលើទីផ្សារ។ ដំណឹងនេះបានជំរុញឱ្យភាគហ៊ុនរបស់ Nvidia កើនឡើងដល់ ១.៣៥%។នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
ក្រុមហ៊ុន SchedMD ត្រូវបានគេស្គាល់តាមរយៈកម្មវិធីដ៏ល្បីល្បាញរបស់ខ្លួនឈ្មោះ Slurm។ កម្មវិធី Slurm នេះជាបច្ចេកវិទ្យាបើកចំហរ (open-source) ដែលមានតួនាទីសំខាន់ក្នុងការ កំណត់ពេល និងគ្រប់គ្រងប្រតិបត្តិការគណនាដ៏ធំ សម្រាប់មជ្ឈមណ្ឌលទិន្នន័យ (Data Centers)។ ការងារទាំងនេះគឺចាំបាច់ណាស់សម្រាប់ប្រតិបត្តិការ AI ទំហំធំ។ ក្រុមហ៊ុន Nvidia មិនបានបង្ហាញពីតម្លៃទិញយកនេះទេ ប៉ុន្តែបានសន្យាថា នឹងបន្តរក្សា Slurm ជាកម្មវិធីបើកចំហរ (Open-Source) ដើម្បីឱ្យអ្នកអភិវឌ្ឍន៍ និងក្រុមហ៊ុននានាអាចប្រើប្រាស់វាបានដោយឥតគិតថ្លៃ ដរាបណាពួកគេចំណាយលើសេវាកម្មគាំទ្ររបស់ក្រុមហ៊ុន។
Nvidia បានសង្កត់ធ្ងន់ថា កម្មវិធី Slurm នេះមានតួនាទីជាសសរស្តម្ភដ៏សំខាន់សម្រាប់ AI (Generative AI) នាពេលបច្ចុប្បន្ន។ ពួកគេបានលើកឡើងថា៖ «Slurm ដែលគាំទ្រលើផ្នែក Hardware ចុងក្រោយបំផុតរបស់ Nvidia ក៏ជាផ្នែកមួយនៃហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ដែលត្រូវការសម្រាប់ AI... ដោយត្រូវបានប្រើប្រាស់... ដើម្បីគ្រប់គ្រងតម្រូវការ បណ្តុះបណ្តាលម៉ូដែល និងការទាញសេចក្តីសន្និដ្ឋាន»។ គួររំលឹកផងដែរថា ការទិញយកនេះធ្វើឡើងភ្លាមៗបន្ទាប់ពី Nvidia បានបង្ហាញនូវម៉ូដែល AI បើកចំហរថ្មីៗ ដែលមានល្បឿនលឿន និងប្រសើរជាងមុន ដើម្បីត្រៀមប្រកួតប្រជែងជាមួយគូប្រជែងខ្លាំងៗ ជាពិសេសពីមន្ទីរពិសោធន៍ AI ក្នុងប្រទេសចិន៕










